ព័ត៌មានជាតិ

រថយន្តគ្មានពន្ធ នៅកម្ពុជា មានប្រមាណ១ម៉ឺនគ្រឿង ខណៈលទ្ធផលជាក់ស្តែង រកឃើញជាង ៩ពាន់គ្រឿង

ភ្នំពេញ ៖ លោក គុណ ញឹម អគ្គនាយក នៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្លាប់បានប៉ាន់ប្រមាណតាំងពីដំបូង នៃចំនួនរថយន្ត គ្មានពន្ធជ្រកក្រោម ស្លាកលេខផ្សេងៗ ដែលមានស្រាប់នៅកម្ពុជា មានចំនួនស្ថិតក្នុងរង្វង់១ម៉ឺនគ្រឿង ខណៈដែលការអនុវត្ត រយៈពេល១០ ខែកន្លងមកនេះ មានរថយន្តជាង ៩ពាន់គ្រឿង បានចូលខ្លួនបង់ពន្ធនិងអាករ ព្រមទាំងរកថវិកា បានពីការបង់ពន្ធនិងអាករនេះ បានចំនួនជាង ៧៦លានដុល្លារអាមេរិក ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃការអនុវត្តការប្រមូលពន្ធ លើយានយន្តគ្មានពន្ធ និងអាករ នាំចូលដែលមានស្រាប់ ក្នុងប្រទេស នាថ្ងៃទី ៧ ខែ កក្កដា នេះ លោក គុណ ញឹម បានបញ្ជាក់ថា តាមលទ្ធផលជាក់ស្តែង រថយន្តគ្មានពន្ធ ដែលត្រូវម្ចាស់យកមកបង់ពន្ធ និងកក់ប្រាក់ដើម្បីកែចង្កូតនោះ ក្នុងរយៈពេល១០ខែកន្លងមកនេះ ពោលមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃចុងក្រោយ នៃឱសានវាទ របស់សាចរណែនាំនោះ មានរថយន្តសរុបចំនួន ៩,៧៥៣គ្រឿង ក្នុងនោះរថយន្ត ចង្កូតស្តាំ មានចំនួនច្រើនបំផុត រហូតដល់ ៧,០៤០គ្រឿង និងឆ្វេងមានចំនួន ២២១៣គ្រឿង ។

ក្នុងចំនួនរថយន្តជិត១ម៉ឺនគ្រឿងនេះ ត្រូវបានអគ្គនាយកដ្ឋានគយ អះអាងថា ថវិកាជាតិបានពីការបង់ពន្ធនិងអាករ ដែលបានមកពីម្ចាស់រថយន្តគ្មានពន្ធ ដែលមានស្រាប់នៅកម្ពុជា ចូលខ្លួនបំពេញកាតព្វកិច្ច សរុបចំនួន ៧៦.៣៣លានដុល្លារ សហរដ្ឋអាមេរិកនេះ គឺជាផ្នែកមួយជំរុញ ដល់សន្ទុះកើនឡើង និងស្របតាមគោលដៅផែនការ ថវិកាជាតិ ប្រចាំឆ្នាំ២០២២នេះ ។

លោក គុណ ញឹម បានលើកឡើងថា “សរុបរួមមក យើងបានទទួលរថយន្តទាំងអស់ ទទួលបង់ពន្ធអាករ និងមកកក់ប្រាក់ទាំងអស់នេះ គឺ៩,៧៥៣គ្រឿង ដែលនៅក្នុងនោះ គឺមានរថយន្តចង្កូតស្តាំ ដែលចូលមកកក់ប្រាក់ មានចំនួន ៧,០៤០គ្រឿង ជាប្រភេទរថយន្តចង្កូតស្តាំ ចូលមកកក់ប្រាក់ ហើយត្រូវ កែចង្កូត ។ ដោយឡែករថយន្តចង្កូតឆ្វេង ដែលម្ចាស់នាំចូលមកបង់ពន្ធ និងអាករគឺចំនួនបានចេញបង្កាន់ដៃពន្ធ និងអាករ ហើយយើង បានប្រាក់ចំណូល សម្រាប់ផ្ទេរទៅថវិកាជាតិភ្លាមៗនេះ គឺរថយន្តចង្កូតឆ្វេង មានចំនួន ២,២១៣គ្រឿង បានប្រាក់ពន្ធអាករ ប្រមាណជាជិត ៣៥លានដុល្លារ ។ ដោយឡែករថយន្តចង្កូតស្តាំ ដែលខ្ញុំបានជម្រាបជូនថា មានចំនួន ៧,០៤០គ្រឿងនេះ គឺយើងបានប្រាក់កក់ចំនួន ៤១.៥៦លានដុល្លារសហរដ្ឋអាមេរិក ហើយក្នុងតួរលេខរួម សរុបរួម ដែលយើងមានទាំងស្តាំ ទាំងឆ្វេង សរុប ៩,៧៥៣គ្រឿងនេះ បានប្រាក់ពន្ធអាករ និងប្រាក់កក់ចំនួន ៧៦.៣៣លានដុល្លារសហរដ្ឋអាមេរិក” ។

លោក គុណ ញឹម បានបញ្ជាក់ថា “តាមតួរលេខប៉ានស្មានក្នុងរង្វង់១ម៉ឺនគ្រឿង ហើយនៅក្នុងរង្វង់យុទ្ធនាការ១០ខែនេះ គឺយើង ប្រមូលបាន រថយន្តគ្មានពន្ធ ហើយម្ចាស់នាំចូលមកកក់ប្រាក់ ហើយនឹងបង់ពន្ធនោះ គឺជិតចំនួនដែលយើងបានព្យាករណ៍ដែរ”៕

To Top