ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ៖ ការអភិវឌ្ឍប្រទេសជាតិ មួយប្រកបដោយចិរភាព យើងត្រូវផ្តល់អាទិភាព លើការកសាង អភិវឌ្ឍ និងពង្រឹងធនធានមនុស្ស

កំពង់ចាម ៖ ក្នុងពិធីប្រគល់សញ្ញាប័ត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិត១២៦២ នាក់ នៃសាខាសាកលវិទ្យាល័យវេស្ទើន សាខាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២២ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានលើកឡើងថា ការអភិវឌ្ឍប្រទេសជាតិ មួយប្រកបដោយចិរភាព ត្រូវផ្តល់អាទិភាព លើការកសាង អភិវឌ្ឍ និងពង្រឹង ធនធានមនុស្ស ។

ពិធីនេះត្រូវបានរៀបចំធ្វើនៅមណ្ឌលអភិរក្សសួនគ្រញូងនគរបាជ័យខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ដោយមានការអញ្ជើញ ចូលរួមពី លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ វេស្ទើន ជាច្រើនរូបទៀត ។

ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ វេស្ទើន លោកឧកញ៉ា តែ ឡូរិន បានមានប្រសាសន៍ថា អស់រយៈពេលជិត២០ឆ្នាំមកនេះ សកលវិទ្យាលវេស្ទើន បានចូលរួមបណ្តុះបណ្តាលធនធានមនុស្ស ដោយឈរលើគោលការណ៏ គុណភាពជាចម្បង ដោយទទួលបាននូវការ វាយតម្លៃខ្ពស់ពីស្ថាប័នជាតិ និងអន្តរជាតិ អំពីគុណភាពនៃការសិក្សា និងបានធ្វើកិច្ចសហការ ជាមួយសកលវិទ្យានានាលើសកលលោក ពិសេសថ្មីៗនេះ សាកលវិទ្យាល័យវេស្ទើន បានចុះកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យ យ៉ុងណាម ដែលជាសាកលវិទ្យាល័យដ៏ធំ និងល្បីល្បាយនៃសាធារណៈរដ្ឋកូរ៉េ លើជំនាញ ចលនាភូមិថ្មី (សាម៉ោលអុនឌុង) ដែលមានចរិតជួយដល់កសិករ ពាណិជ្ជករ ផលិតករ នៅតាមទីជនបទ ក្នុងការផលិត និងរកទីផ្សារសម្រាប់ផលិតផលក្នុងស្រុក ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានកោតសរសើរ ដល់សាកលវិទ្យាល័យវេស្ទើន ដែលបានចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងវិស័យអប់រំ ដែលជាវិស័យអទិភាពមួយក្នុងកិច្ចអភិវឌ្ឍន៏ជាតិ។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា ការអភិវឌ្ឍប្រទេសជាតិមួយប្រកបដោយចិរភាព យើងត្រូវផ្តល់អាទិភាពលើការកសាង អភិវឌ្ឍ និងពង្រឹងធនធានមនុស្ស ក្នុងនោះយើងត្រូវផ្តល់អាទិភាពទៅលើវិស័យអប់រំ ទាំងស្ថាប័នរដ្ឋ និងឯកជន ដោយត្រូវពង្រឹងទាំងបរិមាណ និងគុណភាពសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកសិក្សាទាំងអស់ និងមធ្យោបាយនានាដែលយើងត្រូវការដើម្បីពង្រឹង និងពង្រីកវិស័យអប់រំប្រកបដោយគុណភាពខ្ពស់។

ដោយឈរលើទស្សនៈវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចំណាយថវិកាជាតិ និងកៀរគរថវិកា សប្បុរសជនរាប់ពាន់លានដុល្លារ វិនិយោគក្នុង វិស័យអប់រំនេះ ដើម្បីឱ្យក្មួយៗ ដែលរៀនចប់គ្រប់កម្រិត មានទាំងចំណេះដឹង និងចំណេះធ្វើ មានការងារធ្វើជួយខ្លួនឯង ជួយក្រុមគ្រួសារ សហគមន៍ និងរួមចំណែកអភិវឌ្ឍ ប្រទេសជាតិយើង ៕

To Top