ព័ត៌មានជាតិ

សម្ដេច ស ខេង ជំរុញពលរដ្ឋ មិនទាន់ចុះឈ្មោះបោះឆ្នោត​ អញ្ជេីញទៅចុះឈ្មោះ​ឱ្យបានគ្រប់ៗគ្នា

ភ្នំពេញ​ ៖​ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន​ ខេត្តបាត់ដំបង និងព្រៃវែង​ បានជំរុញប្រជាពលរដ្ឋ ពិសេស​សមាជិកបក្ស​មិនទាន់ចុះឈ្មោះ ឬដល់អាយុត្រូវចុះឈ្មោះ ត្រៀមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត​ ឱ្យបានគ្រប់ៗគ្នា។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង​ នាថ្ងៃទី៦​ ខែសីហា​ ឆ្នាំ២០២២​ សម្ដេច​ ស​ ខេង​ បានស្នើឱ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សគ្រប់ថ្នាក់ក្នុងខេត្តបាត់ដំបង បន្តការបំពេញភារកិច្ចបម្រើជាតិ បម្រើប្រជាជនឱ្យបានល្អ ដើម្បីបន្តទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងត្រូវបន្តចិញ្ចឹមចលនាគណបក្សឱ្យបានរឹងនាំ ដើម្បីពង្រឹងកម្លាំងគាំទ្រប្រកបដោយគុណភាព។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេច​ បញ្ជាក់ថា​ “ណែនាំឱ្យបន្តជំរុញប្រជាពលរដ្ឋ ពិសេសសមាជិកបក្សដែលមិនទាន់បានចុះឈ្មោះ ឬដល់អាយុត្រូវចុះឈ្មោះ ត្រៀមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា”។ 

នាឱកាសនោះ​ សម្ដេច​ ស​ ខេង​ បានថ្លែងទៅកាន់អង្គប្រជុំ ថា កម្ពុជា បាននិងកំពុងមានសុខសន្តិភាព មានស្ថេរភាពយ៉ាងរឹងមាំ ហើយសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក៏មានភាពល្អប្រសើរជាបន្តបន្ទាប់ដែលបង្កលក្ខណៈសម្បត្តិដល់ការចាត់តាំងរៀបចំការបោះឆ្នោតឃុំ សង្កាត់ កាលពីពេលថ្មីៗ ប្រកបដោយសុវត្ថិភាព និងបង្កលក្ខណៈសម្បត្តិដល់វិស័យផ្សេងៗទៀត រួមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ៕

To Top