ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បង្កើនប្រតិបត្តិការ ប្រឆាំងជួញដូរមនុស្ស ដើម្បីសង្គ្រោះជនរងគ្រោះ និងរកជនល្មើសមកផ្ដន្ទាទោស (Video)

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីសង្គ្រោះជនរងគ្រោះ ព្រមទាំងរកជនល្មើស មកផ្ដន្ទាទោស តាមផ្លូវច្បាប់ ដោយគ្មានការលើកលែង។

ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតាមរយៈចំណាមួយច្បាប់ លើរបាយការណ៍របស់ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីស្ថានភាព និងកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងរត់ពន្ធមនុស្ស។

យោងតាមលិខិតទីស្ដីការ គណៈរដ្ឋមន្ត្រី ចេញផ្សាយនាពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានឯកភាព ៖ទី១-បង្កើនកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីសង្គ្រោះជនរងគ្រោះ ស្រាវជ្រាវរកជនល្មើស មកផ្តន្ទាទោសតាមច្បាប់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដែលមានការពាក់ព័ន្ធ ។

ទី២-ចំពោះករណីដែលត្រូវបានរកឃើញថា មានការពាក់ព័ន្ធនឹងអំពើជួញ ដូរមនុស្សពិតប្រាកដ ឬការជួញដូរកម្លាំងពលកម្ម ឬការឆបោក តាមប្រព័ន្ធអនឡាញ ត្រូវពន្លាតការស្រាវជ្រាវ នោះសំដៅទៅរក បទល្មើសសម្អាតប្រាក់ថែមទៀត។

ទី៣-អនុវត្តដោយស្មើភាពស្របតាមច្បាប់ជាធរមាន និងប្រកបដោយការទទួលខុសត្រូវខ្ពស់ នៅគ្រប់ទីតាំង ដែលសង្ស័យថាពាក់ព័ន្ធនឹងអំពើជួញដូរ និងរត់ពន្ធមនុស្សគ្រប់ទម្រង់ ដោយអនុវត្តវិធានការច្បាប់ ម៉ឺងម៉ាត់លើទីតាំង និងបុគ្គលដែលត្រូវបានរកឃើញថា ជាប់ពាក់ព័ន្ធនឹងបទល្មើសនេះ ហើយត្រូវទទួលរងទណ្ឌកម្មស្របតាមការកំណត់នៃច្បាប់ដោយគ្មានការលើកលែង។

ទី៤-សា្ថប័ន មានសមត្ថកិច្ច ពាក់ព័ន្ធធ្វើការវាយបក និងឆ្លើយតបទាន់ពេលវេលា រាល់ការផ្សព្វផ្សាយព័ត៌មាន ដែលមានចរិតញុះញង់ និងស្នើឱ្យកែ តម្រូវចំណុច ដែលផ្ទុយពីការពិត ដើម្បីបន្សាបឥទ្ធិពលវាយប្រហារ អវិជ្ជមានពីមជ្ឈដ្ឋាននានា ទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងបញ្ចៀសផល ប៉ះពាល់មកលើបរិយាកាស នយោបាយ និងសន្តិសុខសង្គម។

និងទី៥-បង្កើនកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នពាក់ព័ន្ធ សំដៅត្រួតពិនិត្យ និងរៀបចំរបៀបរៀប រយនៅតាម បណ្ដាទីតាំងដែលមានការ ប្រមូលផ្ដុំការស្នាក់នៅ ការធ្វើអាជីវកម្ម និងការប្រើប្រាស់កម្លាំងពលកម្មជនបរទេស សំដៅគ្រប់គ្រង ជនបរទេសឱ្យបានហ្មត់ចត់ និងទប់ស្កាត់ការជ្រៀតចូលដោយខុសច្បាប់ តាមខ្សែបន្ទាត់ព្រំដែន ៕

To Top