ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានចាប់ផ្ដើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅតាមសាលាឃុំ សង្កាត់ ដោយចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ តទៅ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី២០ តុលា នេះ បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំនេះ មានរយៈពេល ៥០ថ្ងៃគត់ គឺរាប់ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតនៅតាមឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោត ចំនួន ៣ថ្ងៃ គឺនៅថ្ងៃទី៣ ខែវិច្ឆិកា ថ្ងៃទី១៨ ខែវិច្ឆិកា និងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ដើម្បីបើកកិច្ចប្រជុំ ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ត្រួតពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត។
តាមរបាយការណ៍ពីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ទូទាំងប្រទេស បានបើកដំណើរការព្រមគ្នានៅវេលាម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ និងបានប្រព្រឹត្តទៅល្អពុំមានបញ្ហាប្រឈម ណាមួយធ្វើឱ្យរាំងស្ទះឡើយ។

សូមបញ្ជាក់ជូនថា មានតែប្រជាពលរដ្ឋខ្មែរដែលមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ប៉ុណ្ណោះ ទើបមានសិទ្ធិបោះឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ ដូច្នេះ សូមប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬទើបគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
