ព័ត៌មានជាតិ

តុលាការកំពូល ជម្រះបណ្តឹងសារទុក្ខ ពិរុទ្ធជន ៤នាក់ ពាក់ព័ន្ធនឹងការជិះម៉ូតូ ដេញឆក់កាបូប ពីស្ត្រីម្នាក់ បណ្ដាលឱ្យជនរងគ្រោះដួលម៉ូតូ បាក់កស្លាប់ នៅលើថ្នល់

ភ្នំពេញ:  តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ បានធ្វើការ ជំនុំជម្រះលើបណ្ដឹងសារទុក្ខ របស់ ពិរុទ្ធជន ចំនួន៤នាក់ ជាប់ពាក់ព័ន្ធនឹងការជិះម៉ូតូ២ គ្រឿង ដេញ ឆក់កាបូបពី ស្តី្រលក់បន្លែម្នាក់ ខណៈកំពុងតែជិះម៉ូតូម្នាក់ឯង បណ្តាលឲ្យដួលម៉ូតូ ស្លាប់ នៅលើថ្នល់ ដោយសារតែ ត្រូវដួល សង្កត់ រងរបួសធ្ងន់ បាក់ក ប្រព្រឹត្តនៅចំណុចដីឡូតិ៍ លេខ២ ផ្លូវលេខ៤៣០ ក្រុមទី៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២០ វេលាម៉ោងប្រមាណ៥ និង ៣០ នាទី ព្រឹក។

លោក សឹង បញ្ញាវុឌ្ឍ  ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ពិរុទ្ធជនទាំង ៤នាក់ មានឈ្មោះ : ទី ១- ឈ្មោះ ចាន់ មុន្នីរ័ត្ន ហៅពៅ ភេទប្រុសអាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ៨១ផ្លូវលេខ១០៧សង្កាត់អូរឬស្សីទី៤ខណ្ឌ៧មករា រាជធានី ភ្នំពេញ ។ ទី ២- ឈ្មោះ អាន សុខវិន ភេទ ប្រុស អាយុ២១ឆ្នាំ រស់នៅផ្ទះលេខ៣៧អឺ0ហ្សិតផ្លូវលេខ១៤០ សង្កាត់ មនោរម្យ ខណ្ឌ ៧មករា រាជធានី ភ្នំពេញ ។ ទី ៣- ឈ្មោះ សុីន សុរ៉ាយុទ្ធ ហៅឌីន ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅផ្ទះលេខ២៥០អឺ0ហ្សិតផ្លូវលេខ៦៣ សង្កាត់ ចតុមុខ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។ និង ទី ៤- ឡាយ ពេជ្របញ្ញា ភេទប្រុស អាយុ ៣៤ ឆ្នាំ ។

ចំណែកឯជនរងគ្រោះមានឈ្មោះ ហុង សុខចេង ភេទ ស្រី អាយុ ៣៥ ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ ០៥៧ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោកចៅក្រមបានបញ្ជាក់ថា: នៅក្នុងសំណុំរឿងនេះ  ជនជាប់ចោទ ទាំង៤នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់គុក ក្នុង ម្នាក់ៗ កំណត់ ១៥ ឆ្នាំ និង បង្គាប់អោយ រួមគ្នា សងសំណងជម្ងឺចិត្តដល់ បងជនរងគ្រោះ ( ជាភាគីដើមបណ្ដឹង) ចំនួន ១២០លានរៀល។

ពួកគេត្រូវបានជាប់ចោទពីបទ លួចមានស្ថានទម្ងន់ទោស ដោយសារមរណៈភាពនៃជនរងគ្រោះ តាមបញ្ញត្តិមាត្រា ៣៥៣, ៣៦០ នៃ ក្រមព្រហ្មទណ្ឌ។

ពួកគេត្រូវបាន សមត្ថកិច្ចនគរបាល ចាប់ខ្លួន កាលពីថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២០ នៅសង្កាត់ទំនប់ទឹក ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។

តុលាការកំពូលនឹងប្រកាសដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២២ នេះ ៕ ដោយ: លីហ្សា

To Top