ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យកីឡាករគោរពតាមបទបញ្ជា ដើម្បីត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ទាំងអស់ ត្រូវគោរពតាមបទបញ្ជា នៃការប្រកួតកីឡាជាប្រចាំ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣ ខាងមុខ។

នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ដើម្បីលើកកម្ពស់វិស័យកីឡា និងត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ខ្ញុំសូមផ្តល់នូវទស្សនៈ និងចំណុចគន្លឹះមួយចំនួន ដូចជា៖ ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗកីឡាករ-កីឡាការិនី ទាំងអស់ សូមគោរពតាមបទបញ្ជានៃការប្រកួតកីឡាជាប្រចាំដើម្បីលើកកម្ពស់យុត្តិធម៌ ក្នុងការប្រកួត សេចក្តីថ្លៃថ្នូរ និង ក្រមសីលធម៌វិជ្ជាជីវៈក្នុងការប្រកួត ពីព្រោះថា កីឡាមាន ស្តង់ដារ បទបញ្ជាត្រឹមត្រូវតែមួយដែលផ្ទុយទៅ នឹងការប្រកួតប្រជែងក្នុងផ្នែកនយោបាយ»។

លើសពីនេះ សម្ដេចតេជោ ក៏បានអំពាវនាវឱ្យបន្តចូលចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ ដើម្បីរួមចំណែកដល់យុទ្ធនាការជាតិស្ដីពី «ប្រជាជនម្នាក់ត្រូវលេងកីឡាមួយមុខ យ៉ាងតិចប្រចាំជីវិត» «ឆ្នាំ២០២៣ ជាឆ្នាំទស្សនាកម្ពុជា» «រួមគ្នាដើម្បីកម្ពុជាស្អាត និងបដិសណ្ឋារ-កិច្ចល្អ» «នាំគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឥទ្ធិពលគ្រឿងញៀន» និងកីឡារស់នៅក្នុងសន្តិភាព។

សម្ដេចតេជោ បន្ដថា ក្រសួងអប់រំយុវជន និងកីឡា ត្រូវបង្កើនការធ្វើពិពិធកម្មសកម្មភាពកីឡាឱ្យកាន់តែច្រើន ដើម្បីបង្កើនការលើកកម្ពស់វិស័យកីឡាកម្ពុជានិងបង្កើនការផ្សារភ្ជាប់វិស័យកីឡាទៅនឹងការងារសង្គម ការដោះស្រាយបញ្ហាសង្គម និងការ លើកកម្ពស់សកម្មភាពសេដ្ឋកិច្ចដោយហេតុថា កីឡាត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍បៃតង និងទទួលស្គាល់ថា ជាការ ទូតដ៏មានប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ការកសាងមិត្តភាព សាមគ្គីភាព សុខសន្តិភាពនិងសុខដុមនីយកម្មក្នុងសង្គមជាតិ។

ជាងនេះទៅទៀត សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានបន្ថែមទៀតថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេសគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេមឆ្នាំ២០២៣ ត្រូវបង្កើនកិច្ចសហការការបណ្ដុះបណ្ដាល និងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឱ្យបានដល់កម្រិតខ្ពស់ដែលអាចធ្វើទៅបាន ដើម្បីឱ្យអត្តពលិកកម្ពុជាអាចចូលរួមកាន់តែទូលំទូលាយប្រកបដោយសមត្ថភាពខ្ពស់ ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ និងព្រឹត្តិការណ៍នៃការប្រកួតកីឡាជាអន្តរជាតិនានានៅថ្ងៃអនាគត៕

To Top