កំពង់ឆ្នាំង៖ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាបឋមសិក្សាប្រពេជចង្វារ ស្ថិតនៅភូមិតាំងត្រពាំង ឃុំពេជចង្វារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង មានរៀបចំកម្មវិធីចាក់ផ្សាយខ្សែភាពយន្ត ឯកសារស្តីពីដំណើរថ្មីនៃប្រទេសចិន ភាគ១ ដែលបានចាក់ផ្សាយ ដោយទូរទស្សន៍ជាតិកម្ពុជា ។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានរំលេចពីវីរភាពរបស់មិត្តចិន ក្នុងការចូលរួមចែករំលែកនូវពុទ្ធិ និងបទពិសោធន៍ស្តីពីការចាកផុតពី ភាពក្រីក្រនៅក្នុងប្រទេសចិន ជូនដល់បណ្តាប្រទេសនានា រួមមានបណ្តាប្រទេសនៅអាស៊ីអគ្នេយ៍ បណ្តាប្រទេសនៅប្រជុំកោះប៉ាស៊ីហ្វិក ទ្វីបអាហ្វ្រិកជាដើម។
លើសពីនេះ ខ្សែភាពយន្តនេះក៏បានបង្ហាញ នូវវីរភាពរបស់គ្រូបង្រៀន គ្រូពេទ្យ និងប្រជាជនចិននៅជនបទ ដែលព្យាយាមក្រោកឈរងើប ចេញពីភាពក្រីក្រតាមរយៈការអប់រំ ការផ្តល់នូវសេវាសុខភាពកាន់តែប្រសើរ និងការបង្កើតមុខរបរនានា ដែលជាពិសេសគំនិតនវានុវត្ត នៃការប្រកបអាជីវកម្ម Online ដោយពឹងផ្អែកលើការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានវិទ្យា ។
កុមារី នី ម៉ាណែត ជាសិស្សរៀនថ្នាក់ទី៦ បានស្ងើចសរសើរដល់វីរភាពរបស់អ្នកគ្រូ ចាង គួយម៉ី ដោយបាននិយាយថា «ខ្ញុំពេញចិត្តនឹងទឹកចិត្តនិងវីរភាពរបស់អ្នកគ្រូ ចាង គួយម៉ី ព្រោះអ្នកគ្រូបានលះបង់ច្រើនណាស់ សម្រាប់ការសិក្សារបស់ក្មេងស្រីនៅជនបទ។ បើទោះបីជាសល់តែដង្ហើមចុងក្រោយ ក៏អ្នកគ្រូមិនលះបង់ការបង្រៀនសិស្សដែរ»។
ដោយឡែក កុមារា អាន រេវឌ្ឍន៍ ជាសិស្សថ្នាក់ទី៦ ដែលចូលចិត្តខាងបច្ចេកវិទ្យា បានពោលថា «ខ្ញុំជឿជាក់ថាបច្ចេកវិទ្យានឹងចូលរួម ក្នុងការលើកកម្ពស់ជីវភាព ឱ្យចាកផុតពីភាពក្រីក្រ ហើយបច្ចេកវិទ្យាអាចឱ្យ ពិភពលោកទាំងមូលរបស់យើងរស់នៅ ដូចជានៅក្នុងភូមិមួយដ៏ធំ» ។
ក្រោយពីបានចំណាយពេលចំនួន ២៩នាទី២៩វិនាទី ទស្សនាខ្សែភាពយន្តខ្លីនេះ លោក ថាន់ សុខ នាយកសាលាបឋមសិក្សាប្រពេជចង្វារ បានថ្លែងអំណរគុណដល់មិត្តចិន ដែលបានបើកចំហបេះដូង ក្នុងការចូលរួមជួយអភិវឌ្ឍដល់ បណ្តាប្រទេសនានាឱ្យចាកផុតពីភាពក្រីក្រ។
លោកបានរំលេចផងដែរថា កាលពីខែមីនា ឆ្នាំ២០២២ សិស្សានុសិស្សចំនួន ៣៧០រូប នៅសាលាបឋមសិក្សាប្រពេជចង្វារ ទទួលបានអំណោយក្តីស្រឡាញ់ ដែលរួមមានកាតាប សម្ភារៈសិក្សា និងកង់ ពីមូលនិធិចិនដើម្បីកាត់បន្ថយភាពក្រីក្រ ៕ (ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)