ព័ត៌មានជាតិ

សម្ដេច សាយ ឈុំ ៖ សភាកម្ពុជា ដើរតួនាទីដ៏សកម្ម ក្នុងវេទិកាសភា និយាយភាសាបារាំង

ភ្នំពេញ ៖ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា សភាកម្ពុជា ដើរតួនាទីដ៏សកម្មក្នុងវេទិកាសភានិយាយ ភាសាបារាំង ទាំងក្នុងតំបន់ និងសកលលោក។

នាឱកាសអនុញ្ញាតឲ្យលោក Christophe-André Frassa ប្រធានគណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង (APF) ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ សម្ដេច សាយ ឈុំ សម្តេច ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា «សភាកម្ពុជាបានដើរតួនាទីដ៏សកម្មក្នុងវេទិកាសភានិយាយ ភាសាបារាំងនៅក្នុងតំបន់ និងសកលលោក។ សហប្រតិបត្តិការល្អរវាងសភាកម្ពុជា និងហ្រ្វង់កូហ្វូនី បានប្រព្រឹត្តទៅដោយរលូន លើគ្រប់យន្តការទាំងអស់នៃAPF ព្រមទាំងកិច្ចសហប្រតិបត្តិការបច្ចេកទេស»។

សម្ដេច បន្ដថា សភាកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាផ្តល់សារៈសំខាន់ធ្វើកិច្ចសហប្រតិបត្តិការដោយ បើកចំហរជាមួយមិត្តភក្តិបរទេស និងដៃគូអន្តរជាតិទាំងអស់ដែលចង់ឈ្វេងយល់អំពីស្ថានភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការបញ្ចេញមតិនៅកម្ពុជា។

ក្នុងឱកាសនោះ លោក Christophe-André Frassa បានជម្រាបជូន សម្តេច ប្រធានព្រឹទ្ធសភា អំពីគោលបំណង នៃដំណើរទស្សនកិច្ចការងារ របស់គណៈប្រតិភូនាពេលនេះ ដើម្បីស្វែងយល់អំពីការវិវឌ្ឍជាវិជ្ជមាន នៃព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌសភាប្រើភាសាបារាំង (APF)។ ជាមួយគ្នានេះ លោក បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសកម្ពុជា ជាមួយប្រទេសប្រើភាសាបារាំង៕

To Top