ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការអភិវឌ្ឍនវិស័យនានាជាច្រើននៅកម្ពុជា មួយផ្នែកគឺទទួលបានជំនួយមកពីជប៉ុន ខណៈទំនាក់ទំនងការទូត រវាងប្រទេសទាំង២ មានភាពចាស់ទុំ និងរីកចម្រើន។

នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារ និងជម្រាបលាពីសំណាក់លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី១៣ ធ្នូ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា «ការអភិវឌ្ឍវិស័យនានាជាច្រើនក្នុងប្រទេសកម្ពុជា មួយផ្នែកគឺទទួលបានជំនួយ មកពីប្រទេសជប៉ុន ហើយទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន មានភាពចាស់ទុំ និងរីកចម្រើនដែលទំនាក់ទំនងនេះ នឹងត្រូវបានលើកកម្ពស់ទៅដល់កម្រិត ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយ ជាមួយអាយុកាលគម្រប់៧០ឆ្នាំ នៅឆ្នាំ២០២៣ខាងមុខ»។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងពីគម្រោងធំ បាននិងកំពុងអនុវត្ត ក្រោមជំនួយហិរញ្ញប្បទាន និងជំនួយបច្ចេកទេសពីរដ្ឋាភិបាលជប៉ុន ក្នុងរយៈពេលថ្មីៗនេះ រួមមាន៖ គម្រោងស្ថាបនា និងលើកកម្ពស់ផ្លូវជាតិលេខ៥ គម្រោងពង្រីកវិសាលភាពកំពង់ផែក្រុងព្រះសីហនុ ការអភិវឌ្ឍប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ Port EDI គម្រោងសិក្សារៀបចំផែនការមេភស្តុភារកម្ម ការផ្តល់ជំនួយគ្រឿងចក្រផ្សេងៗ សម្រាប់ការជួសជុលថែទាំផ្លូវថ្នល់ ជាពិសេសគ្រឿងចក្រ Stabilizer ដែលត្រូវបានយកទៅប្រើប្រាស់ ក្នុងការជួសជុលផ្លូវថ្នល់ នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីពេលកន្លងទៅ។

ឆ្លៀតឱកាសនោះ លោកទូតអះអាងថា លោកនៅតែបន្តចូលរួមគាំទ្រការអភិវឌ្ឍនៅកម្ពុជា បើទោះជាលោកមិនបានបន្តការងារ នៅទីនេះក៏ដោយ៕

