ព័ត៌មានជាតិ

កម្ពុជា-ស្វីស ពិនិត្យលទ្ធភាព បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីពង្រឹងកិច្ចសហការ កាន់តែទូលំទូលាយ និងស៊ីជម្រៅ

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកស្រី Helene Budliger Artieda រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានសម្រាប់កិច្ចការសេដ្ឋកិច្ច នៃសហព័ន្ធស្វីស បាន ពិភាក្សាគ្នាលើការពិនិត្យលទ្ធភាព ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ។

ការពិភាក្សាគ្នាលើការពិនិលទ្ធភាព បង្កើតកិច្ចព្រមព្រៀងពាណីជ្ជកម្មសេរីនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក ប៉ាន សូរស័ក្ដិ និងលោកស្រី Helene Budliger Artieda កាលពីពេលថ្មីៗកន្លងទៅនេះ ក្នុងអំឡុងពេលដែលរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅក្រុងដាវ៉ូស ប្រទេសស្វីស ។

ក្នុងជំនួបទ្វេភាគីនេះ លោករដ្ឋមន្ត្រី បានលើកឡើងពីទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ​ដែលត្រូវបាន បង្កើតឡើងតាំងពីឆ្នាំ១៩៦៣ នាំឱ្យមានទំនាក់ទំនងល្អរហូត មកដល់បច្ចុប្បន្ន។

លោករដ្ឋមន្ត្រីបន្តថា ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយនៅក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និង​ស្វីស​ មានចំនួនសរុបប្រមាណ ៣៧៩លានដុល្លារ។ រីឯឆ្នាំ២០២១ ទំហំពាណិជ្ជកម្មសរុប មានចំនួនសរុបប្រមាណជាង ៩៧៤ លានដុល្លារ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីសចំពោះជំនួយ និងកម្មវិធីអភិវឌ្ឍនានាក្នុងវិស័យជាច្រើន ដូចជាអភិបាលកិច្ចល្អ និងការចូលរួមរបស់ប្រជាពលរដ្ឋ ចំពោះវិស័យកសិកម្ម និងសន្តិសុខស្បៀង រហូតដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការងារ។

ជាការឆ្លើយតប លោកស្រី Helene Budliger Artieda បានបង្ហាញការស្វាគមន៍លើគំនិតផ្តួចផ្តើមនេះ និងបានបញ្ជក់ថា រដ្ឋាភិបាលស្វីសបាននិងកំពុងគាំទ្រកម្ពុជា ក្នុងដំណើរការអន្តរកាល និងកិច្ចខិតខំប្រឹងប្រែងនានាក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាផងដែរ។

លោកស្រីបានកោតសរសើរពី ការជោគជ័យរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងបានអបអរសាទរចំពោះកម្ពុជា ដែបបានធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និងការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន ប្រកបដោយជោគជ័យ។​

ជាមួយគ្នានោះភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តបង្កើនទំនាក់ទំនងទ្វេភាគី ដែលមានស្រាប់ឱ្យកាន់តែរឹងមាំ និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាពបន្ថែមទៀត ព្រមទាំងកិច្ចសហប្រតិបត្តិការ លើឆាកអន្តរជាតិផងដែរ ៕

To Top