ព័ត៌មានជាតិ

លោក ឃ្លាំង ហួត សំណូមពរឱ្យបញ្ឈប់ប្រើពាក្យធ្វើបាបអ្នកក្រ ខណៈបុគ្គលមួយចំនួន កំពុងជ្រកក្រោមស្លាកនេះ ទៅប្រព្រឹត្តបទល្មើស

ភ្នំពេញ៖ នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំង កុងស៊ីខុសច្បាប់ និងឈានទៅដល់ការ បោសសម្អាត កន្លែងជួសជុលឬកែច្នៃម៉ូតូខុសច្បាប់ ផងដែរនោះ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដែលទទួលបន្ទុកកិច្ចការនេះផ្ទាល់ បានសំណូមពរ ដល់ប្រជាពលរដ្ឋ ឱ្យបញ្ឈប់ការប្រើពាក្យធ្វើបាបតែអ្នកក្រ ខណៈក្នុងចំណោមនោះ បុគ្គលមួយចំនួន កំពុងជ្រកក្រោមស្លាកអ្នកក្រ ហើយបែរទៅជា ប្រព្រឹត្តិបទល្មើសទៅវិញ។

ក្នុងន័យនេះ លោកអភិបាលរង ចង់សំដៅទៅលើម្ចាស់ទីតាំងទទួល ជួសជុល កែច្នៃម៉ូតូ រថយន្ដ មួយចំនួន តែងតែឃុបឃិត ជាមួយអ្នករកស៊ីទទួលបញ្ចាំខុសច្បាប់ ក្នុងការកែច្នៃ (បន្លំភិនភាគ) ពីរបស់មានម្ចាស់ ឱ្យទៅជារបស់ថ្មីមួយ ដែលមើលនឹងភ្នែកមិនដឹង ។

ថ្លែងក្នុងបទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសចុះបង្រ្កាបកុងស៊ីបញ្ចាំងខុសច្បាប់ នៅតំបន់ឃ្លាំងរំសេវ លោក ឃ្លាំង ហួត បានលើកឡើងថា «ខ្ញុំសុំកុំប្រើពាក្យថា កុំធ្វើបាបអ្នកក្រ! អ្នកក្រយ៉ាងមិច បើអ្នកឯងជ្រកក្រោមស្លាកអ្នកក្រ ទៅប្រព្រឹត្តបទល្មើស»។

ផ្ទាំងពាណិជ្ជកម្ម

លោក ឃ្លាំង ហួត បន្ថែមថា «យើងបើកកន្លែងជួសជូលម៉ូតូ គ្រាន់តែមកភ្លាម ប្ដូរនេះប្ដូរនោះ​ កោសលេខម៉ាស៊ីន​ អាហ្នឹងគឺមានន័យថា អ្នកឯងរកស៊ីប្រព្រឹត្តបទល្មើស»។

លោកអភិបាលរង បានចោទជាសំនួរថា តើអ្នកបានគិតដល់ទេថា ម្ចាស់ម៉ូតូត្រូវបានរងគ្រោះ ដោយក្រុមចោរលួច ចោរប្លន់ (បាញ់បែកក្បាល ដាក់ថ្នាំ ឬធាក់យកម៉ូតូ) ​គេក៏ជារងគ្រោះ​ ដែលមានជីវភាពក្រីក្រ ដែរតែគេប្រឹងប្រែរកស៊ី ដោយភាពត្រឹមត្រូវ ដើម្បីសន្សំសំចៃយកលុយមកទិញម៉ូតូជិះ តែត្រូវមកជួបប្រទះរឿងបែបនេះ។លោក ឃ្លាំង ហួត គួសបញ្ជាក់ថា «បើចាត់ទុកខ្លួនឯងជាអ្នកក្រ ហើយទៅឃុបឃិត ចូលរួម ក្លែងបន្លំជាមួយចោរទៀតនោះ​ គឺមិនសមរស់នៅលើផែនដីនេះទេ»៕

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023