កំពង់ចាម ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៤៥ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យគណៈកម្មការ មន្ទីរអង្គភាពពាក់ព័ន្ធ ចាប់ផ្តើមអនុវត្តការងារ ដើម្បីការពារតំបន់រមណីយដ្ឋាន ។

លោកអភិបាលខេត្ត បានលើកឡើងថា ក្រុមការងារការពារតំបន់រមណីយដ្ឋាន ត្រូវបានបង្កើតរួចហើយ ដូច្នេះសូមដាក់កម្មវិធីប្រជុំ និងចុះពិនិត្យមើលរៀបចំ ជាផែនការមេ ដើម្បីគ្រប់គ្រង តំបន់រមណីយដ្ឋាន មានដូចជា ៖ ទី១ តំបន់រមណីយដ្ឋានភ្នំហាន់ជ័យ ទី២ តំបន់រមណីយដ្ឋានភ្នំស្រីភ្នំប្រុសទី៣ តំបន់រមណីយដ្ឋាន ប្រាសាទនគរបាជ័យ ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា យើងត្រូវតែរៀបចំតំបន់រមណីយដ្ឋាន ទាំងនេះឲ្យបានរៀបរយ រហូតដល់មានការណែនាំថ្មីពីក្រសួងជំនាញ ។ ចំពោះមុខនេះ ខាងក្រសួងជំនាញមិនទាន់មានផែនការណាថ្មីនៅឡើយទេ ដូច្នេះរដ្ឋបាលខេត្ត ត្រូវតែមានវិធានការដើម្បីគ្រប់គ្រង ដើម្បីកុំឲ្យមានការចាប់ដី ឬសាងសង់បំពាន ឬការទន្ទ្រានកាន់កាប់ដី ដែលជាតំបន់រមណីយដ្ឋានរបស់រដ្ឋ ដោយខុសច្បាប់ ជាពិសេសសំណង់មិនរៀបរយនានា ដែលធ្វើឲ្យប៉ះពាល់សោភ័ណភាព និងទេសភាពនៃតំបន់រមណីយដ្ឋានរបស់យើង ។

លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា នៅក្នុងគណៈកម្មការ ការពារតំបន់រមណីយដ្ឋាននេះ មានមន្ទីរអង្គភាពពាក់ព័ន្ធច្រើនចូលរួម ក្នុងនោះមានដូចជា មន្ទីរទេសចរណ៍ជាសេនាធិការ និងមានមន្ទីររៀបចុំដែនដី នគររូបនីយកម្ម និងសំណង់ មន្ទីរធម្មការ មន្ទីរវប្បធម៌ អាជ្ញាធរស្រុក និងកងកម្លាំងប្រដាប់អាវុធ របស់យើងដែលតំណាងឲ្យស្នងការ នគរបាលខេត្ត និងតំណាងឲ្យអាវុធហត្ថខេត្ត ដែលជាក្រុមការងារមួយ និង ជាយន្តការមួយដ៏រឹងមាំ ដែលធានានិរន្តរភាព នៃការចូលរួម អភិរក្ស នៃតំបន់រមណីយដ្ឋានរបស់យើងនេះ ឱ្យកាន់តែមានការទទួលស្គាល់ និងការចូលរួមលើកកម្ពស់ វិស័យទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រ នៅក្នុងខេត្តកំពង់ចាមរបស់យើង ៕
