ព័ត៌មានជាតិ

មន្ត្រីជំនាញ ចុះពិនិត្យ និងបញ្ឈប់សិប្បកម្ម ផលិតស្ករត្នោតក្លែងក្លាយ នៅស្រុកកោះសូទិន

កំពង់ចាម ៖ ទីតាំងផលិតស្ករត្នោតក្លែងក្លាយ ៦កន្លែង ស្ថិតនៅក្នុងភូមិមហាសៀកក្រោម ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវបាន លោក ហឿន សីហា ប្រធានការិយាល័យ ឧស្សាហកម្ម និងសិប្បកម្ម ស្ដីទី ដឹកនាំក្រុមការងារចុះពិនិត្យ និង ធ្វើកិច្ចសន្យាឱ្យម្ចាស់ សិប្បកម្មបញ្ឈប់សកម្មភាព ផលិតស្គរត្នោតក្លែង ក្លាយបន្តទៀត នាថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២៣ ។

ប្រធានការិយាល័យ ឧស្សាហកកម្ម និងសិប្បកម្ម(ស្តីទី) លោក ហឿន សីហា បានឲ្យដឹងថា បន្ទាប់ពីលោក បានដឹកនាំក្រុមការងារ សហការជាមួយនឹង អាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ ទីតាំងផលិតស្គរត្នោត ចំនួន ៦កន្លែង នៅចំណុចដូចខាងលើ ឃើញថា គ្រួសារឡើងត្នោត មានប្រជាពលរដ្ឋសរុបចំនួន ៦ គ្រួសារ ពួកគាត់កំពុងផលិតស្ករត្នោត ក្លែងក្លាយ និងមានវត្ថុធាតុដើមយកទៅកែច្នៃមានដូចជាទឹកត្នោតធម្មជាតិ ស្ករស ដែលមានសមត្ថភាព ផលិតបានជាស្ករត្នោត កែច្នៃក្លែងក្លាយ ក្នុងមួយថ្ងៃបាន ៧០គីឡូក្រាម រីឯកន្លែងផលិតគ្មានអនាម័យទេ ។

លោក ហឿន សីហា ឲ្យដឹងទៀតថា ម្ចាស់សិប្បកម្ម បន្ទាប់ពីផលិតផលស្ករត្នោត ក្លែងក្លាយបានហើយ បានយកទៅលក់ឱ្យឈ្មួញដែលជាម៉ូយ ឈ្មោះ លោក ប៊ុន ហេង នៅភូមិកំពង់ស្តី ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាមលក់បន្ត ។
បន្ទាប់ពីការត្រួតពិនិត្យ របស់មន្ត្រីជំនាញ ម្ចាស់សិប្បកម្ម ទាំង៦គ្រួដារ បានធ្វើកិច្ចសន្យាថា យល់ព្រមឈប់ផលិតស្ករត្នោត ក្លែងក្លាយចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នេះតទៅ ប្រសិនខ្លួនធ្វើពេលក្រោយទៀត នឹងព្រមទទួលទោសតាមច្បាប់ ។

លោក ហឿន សីហា បានបញ្ជាក់ថា ក្រុមការងារបានធ្វើកិច្ចសន្យាជាមួយគ្រួសារផលិតខាងលើ ឱ្យ​ឈប់សកម្មភាពផលិតស្ករត្នោតក្លែងក្លាយ និងបានណែនាំឱ្យធ្វើការផលិត តាមបែបធម្មជាតិ យកចិត្តទុកដាក់ពីគុណភាព និងសុខភាពរបស់អ្នកប្រើប្រាស់ និងរក្សាអនាម័យ ល្អក្នុងការផលិត ៕

To Top