ព័ត៌មានជាតិ

សាខាកាកបាទក្រហម ខេត្តកំពង់ចាម ទទួលថវិកាសប្បុរសធម៌ បានចំនួនប្រមាណជាង ៤៤ ម៉ឺនដុល្លារ

កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៣ នេះ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម សាខា កាកបាទក្រហមខេត្តកំពង់ចាម បានប្រារព្ធពិធី ទទួលថវិកាសប្បុរសធម៌ អបអរ ខួបទី ១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ ប្រធានកិត្តិយស សាខា និងលោក អ៊ុន ចាន់ដា ប្រធានសាខា ក្នុងពិធីនេះ សាខាកាកបាទក្រហមខេត្តកំពង់ចាម ទទួលថវិកាពីសប្បុរសជនបានចំនួនជាង ៤៤ ម៉ឺនដុល្លារអាមេរិក ។

ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ឆ្នាំ២០២២ កន្លងទៅ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា សាខា អនុសាខា បានបំពេញតួនាទីយ៉ាងសកម្ម ក្នុងភាពម្ចាស់ការលើការផ្តល់សេវាកម្ម មនុស្សធម៌ ផ្ដោត លើវិស័យអាទិភាពទាំង ៤ ដោយបានឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែង នៃភាពងាយរងគ្រោះ សម្រេច បានលទ្ធផល គួរអោយកត់សំគាល់ មានដូចជា ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ សាខា បានធ្វើការឆ្លើយតបផ្តល់អំណោយមនុស្សធម៌ជូន ពលរដ្ឋរងគ្រោះ ដោយមហន្តរាយ អគ្គីភ័យ ខ្យល់កន្ត្រាក់ រន្ទះបាញ់ លង់ទឹក គ្រោះថ្នាក់ចរាចរណ៍ បានចំនួន ១២៧ គ្រួសារ ។

លោក អ៊ុន ចាន់ដា បានបន្តថា ពិធីទទួលថវិកាសប្បុរសធម៌ អបអរ ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ នេះ ក្នុងគោលដៅចលនាកៀងគរ ការចូលរួមគាំទ្រ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ក្នុងស្មារតី វប្បធម៌ចែករំលែក ជាមូលដ្ឋានសម្រាប់សាខាបន្តនិរន្តរភាព ក្នុងការបំពេញបេសកកម្មមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ។

លោក ប៉ាន សូរស័ក្តិ ប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្តកំពង់ចាម បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលស្នាដៃ និងការខិតខំប្រឹងប្រែងប្រកបដោយ ភាពបុរសកម្មរបស់គណៈកម្មាធិការសាខា អាណត្តិទី៥ ។

ទន្ទឹមនោះ លោក បានបានថ្លែងអំណរព្រះគុណ និងសូមអរគុណជាអនេកកប្បការចំពោះព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា សប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅខេត្ត ដែលតែងតែបានស្ម័គ្រចិត្តបរិច្ចាគធនធាន ថវិកា ជួយគាំទ្រដល់សាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ទោះបីជាយើងពុំបានធ្វើការប្រារព្ធពិធី អបអរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ ក៏ដោយ ។

គួរបញ្ជាក់ផងដែរថា បើតាមលោក ឃន ប្រុស នាយករដ្ឋបាលសាលាខេត្តកំពង់ចាម បានឱ្យដឹងថា ពិធី ទទួលថវិកាសប្បុរសធម៌ អបអរ ខួបទី ១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ នេះ សាខាកាកបាទក្រហមខេត្តកំពង់ចាម ប្រមូលថវិកាពីសប្បុរសជន សរុបប្រមាណជាជាង ៤៤ ម៉ឺនដុល្លារអាមេរិក ៕

To Top