ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ក្នុងខណ្ឌច្បារអំពៅ ជាង១ពាន់នាក់ ទទួលការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃពី TYDA

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដឹកនាំដោយលោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្ម នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ បាននាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ២៦៥នាក់ចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានចំនួន ១,៥៨៧នាក់ សរុបជំងឺបានចំនួន ៣.០៩៤ករណី ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ញាណ ច័ន្ទសោភា អភិបាលរងខណ្ឌច្បារអំពៅ យុវជន ស.ស.យ.ក យុវជន អ.ម.ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធជាតិ និងផ្នែកពាក់ព័ទ្ធផ្សេងៗទៀត ស្ថិតក្នុងបរិវេណបឋមសិក្សាវត្តក្នុង។

លោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្មTYDA បានមានប្រសាសន៍ថា តាងនាមឱ្យលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ពិតជាសប្បាយរីករាយដែលបានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋលោកតាលោកយាយបងប្អូន និងក្មួយៗកុមារា កុមារីនាឱកាសនេះ។ លោកវេជ្ជបណ្ឌិត បានបន្តទៀតថា លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី លោកតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។ ដោយមានការមមាញឹកនិងកិច្ចការងារច្រើនឯកឧត្តមបណ្ឌិត និងលោកជំទាវបានផ្តាំផ្ញើតាមរយៈលោកឱ្យក្រុមការងារជួយយកចិត្តទុកដាក់នៅក្នុងការពិនិត្យព្យាបាលជំងឺជូនដល់លោកតាលោកយាយបងប្អូនទាំងអស់គ្នាដោយការទទួលខុសត្រូវប្រកបដោយប្រសិទ្ធិភាពខ្ពស់។

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា គោលបំណងធំរបស់(TYDA) គឺចូលរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ និងដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង ជាពិសេសទីជនបទដាច់ស្រយាលនានា ព្រមទាំងចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ក៏ដូចជាបានផ្តល់ឱកាសដល់ប្អូនៗនិស្សិត និងយុវជនស្មគ្រ័ចិត្តដ៏ទៃទៀតអោយបានចូលរួមចំណែកបំរើការងារមនុស្សធម៍ដល់សង្គមជាតិផងដែរ។

លោក ញាណ ច័ន្ទសោភា អភិបាលរងខណ្ឌច្បារអំពៅបានមានប្រសាសន៍ថា ក្នុងនាមរូបលោកផ្ទាល់ និងជំនួសមុខឱ្យក្រុមប្រឹក្សាខណ្ឌច្បារអំពៅ គណអភិបាលខណ្ឌ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពិតជាមានក្តីសោមនស្សសប្បាយរីករាយក្រៃលែងជូនចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ដែលបាននចុះមកពិនិត្យ និងព្យាបាលជំងឺទូទៅ ឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ នាពេលនេះ និងសូមសំណូមពរដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបន្តចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជាបន្តបន្ទាប់ទៀត។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់បន្ថែមក្នុងការថែទាំសុខភាព ឱ្យបានល្អ និងចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ថែរក្សាការពារសន្តិភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា អោយបានគង់វង្សជារៀងរហូត។

តាមរបាយការណ៍បានឱ្យដឹងថា ប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលជំងឺទាំងអស់មានចំនួន ១.៥៨៧នាក់ ស្មើនឹង ៣,០៩៤ ករណី ដោយក្នុងនោះ មានជំងឺបញ្ជូនទៅព្យាបាលបន្តមាន ៣៧ ករណី៕

To Top