ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ច ផ្តួចផ្ដើមកម្មវិធីជិះកង់ ពីភ្នំពេញ ទៅកំពង់ធំ ដើម្បីអបអរទិវាពិភពលោក គ្មានថ្នាំជក់

ភ្នំពេញ ៖ លោក វណ្ណ ពុទ្ធីពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ដួចផ្ដើមកម្មវិធីជិះកង់ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ធំ ដោយមានសមាជិកអ្នកជិះកង់ ប្រមាណ ៨០នាក់ ដើម្បីអបអរទិវាពិភពលោក គ្មានថ្នាំជក់ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «យើងត្រូវការអាហារ មិនមែនថ្នាំជក់»។

ការជិះកង់នេះធ្វើឡើងដើម្បីអបអរទិវាពិភពលោក គ្មានថ្នាជក់២០២៣ ក៏ដូចជាការគាំទ្រទៅនឹងអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបជាមួយប្រធានអង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកអំឡុងឆ្នាំ២០២០ថា «កម្ពុជាមានមហិច្ចតាប្រែក្លាយ ជាប្រទេសគ្មានផ្សែងបារី នៅឆ្នាំ២០២៥»។

គួរបញ្ជាក់ផងដែរថា ប្រទេស New Zealand បានអនុវត្តផែនការសកម្មភាពប្រទេសគ្មានផ្សែងបារី (Smoke-Free Aotearoa 2025 Action Plan) ដែលមានចក្ខុវិស័យលុបបំបាត់ ផលិតផលថ្នាំជក់ដែលបង្កគ្រោះថ្នាក់ដល់សហគមន៍ និងប្រែក្លាយប្រទេស New Zealand ទៅជាប្រទេសគ្មានផ្សែង នៅឆ្នាំ២០២៥។

វិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្រ្តផ្សេងទៀត ដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោកបានបង្ហាញថា ការដំឡើងពន្ធលើផលិតផលថ្នាំជក់ ជាវិធីសាស្រ្តឈ្នះៗ ដោយរដ្ឋទទួលបានប្រាក់ចំណូលពន្ធកើន ហើយអត្រាអ្នកជក់បារីថយចុះ។

សូមរំលឹកថា ប្រជាជនកម្ពុជាប្រមាណ ១៥ ០០០នាក់ ត្រូវបានរកឃើញថា ស្លាប់ដោយសារតែជំងឺ ដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ ដែលក្នុងមួយថ្ងៃៗមានប្រមាណជាង៤០នាក់ ត្រូវស្លាប់ ដែលជំងឺទាំងនោះមានដូចជា ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់ នេះបើយោងតាមករណីសិក្សាថ្មីមួយ ដែលធ្វើឡើង ដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (United Nation Development Program) អង្គការសុខភាពពិភពលោក (World Health Organization)៕

To Top