ព័ត៌មានជាតិ

សម្ដេច ស​ ខេង​ ណែនាំអាជ្ញាធរខិតខំ ដោះស្រាយបញ្ហាជូនពលរដ្ឋ​ ដោយមិនមានការរើសអើងនិន្នាការនយោបាយ

ភ្នំពេញ​​ ៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានណែនាំដល់អាជ្ញាធរត្រូវខិតខំដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ​ប្រកបដោយយុត្តិធម៌ និងសុច្ចរិតភាពដោយមិនមានការរើសអើងនិន្នាការនយោបាយ។

ក្នុងពិធីបញ្ចុះខណ្ឌសីមា ឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តបឹងដោល ស្ថិតក្នុងភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង​ នាថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ២០២៣​ សម្ដេច ស​ ខេង​ បានណែនាំអាជ្ញាធរមានសមត្ថកិច្ច កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាដើម្បីការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម ព្រោះមានសន្តិភាព ទើបមានការអភិវឌ្ឍ និងមានការរីកចម្រើនដូចសព្វថ្ងៃនេះ ហើយអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអោយបានខ្ជាប់ខ្ជួនស្របតាមពាក្យស្លោករបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី «ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍»។

សម្ដេច ក៏បានលើកទឹកចិត្តឱ្យជំរុញសកម្មភាពត្រួតពិនិត្យ និងផ្សព្វផ្សាយអប់រំដល់យុវជនអំពីការជួញដូរ និង ប្រើប្រាស់គ្រឿងញៀន តាមគោលការណ៍ «បីកុំ មួយរាយការណ៍» ហើយប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស ដោយសហការយ៉ាងមានប្រសិទ្ធភាពជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ក្រាបនឹងទប់ស្កាត់បានទាន់ពេលវេលា។

ចំណែក ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរស្រុក-ក្រុង ឃុំ-សង្កាត់ ភូមិ និងកងកម្លាំង មានសមត្ថកិច្ចទាំងអស់ ត្រូវបានសម្ដេច ស​ ខេង​ ជំរុញបន្តលើកកម្ពស់ការគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និង អនុវត្តឱ្យត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ ក្នុងនោះត្រូវយកចិត្តទុកដាក់ខិតខំដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយមិនមានការរើសអើងនិន្នាការនយោបាយ ប្រកបដោយយុត្តិធម៌ និងសុច្ចរិតភាព។

ជាមួយគ្នានោះដែរ សម្ដេច​ បានណែនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានចូលរួមផ្ដល់ការគាំទ្រដល់ ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តាមរយៈការគាំទ្រដល់តួអង្គសំខាន់ទាំង៥ គឺទី១.មេឃុំចៅសង្កាត់ ទី២.ស្មៀនឃុំសង្កាត់ ទី៣.នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ សង្កាត់ ទី៤. ថ្នាក់ដឹកនាំភូមិ ពិសេសគឺមេភូមិ ទី៥.មណ្ឌល សុខភាពឃុំសង្កាត់។

សម្ដេច​ សង្កត់ធ្ងន់ថា ការងារនេះរួមចំណែកសំខាន់ណាស់ដល់ការយកជ័យជម្នះ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៧នាពេលខាងមុខ ពីព្រោះ តួអង្គទាំង៥នេះ ជាយន្តការ និងជាអ្នកដែលនៅកៀកប្រជាពលរដ្ឋ ផ្សារភ្ជាប់ជីវភាពប្រជាពលរដ្ឋ មានន័យថា ពលរដ្ឋស្រលាញ់ ឬស្អប់គណបក្ស គឺលើប្រសិទ្ធភាព នៃយន្តការនិងលទ្ធផលការងាររបស់តួអង្គទាំង៥នេះហើយ៕

To Top