ព័ត៌មានជាតិ

វាគ្មិន ផ្ដល់បទសម្ភាសន៍ដល់​ លោក​ ជុន ច័ន្ទបុត្រ ជាច្រើនបានមករួមរស់ ជាមួយសម្ដេចតេជោ​

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបង្ហើបថា វាគ្មិនផ្ដល់បទសម្ភាសន៍ជាច្រើនដល់លោក ជុន ច័ន្ទបុត្រ ប្រធានវិទ្យុអាស៊ីសេរី បានមករស់នៅជាមួយសម្តេចហើយ នៅសល់តែប៉ុន្មាននាក់ទៀតប៉ុណ្ណោះ។

ក្នុងពិធីសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅរោងចក្រ Wing Star Shoe ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមល្ងង់នៅក្រៅប្រទេសមួយចំនួន ជាពិសេសក្រុមប្រព័ន្ធផ្សព្វផ្សាយគាំទ្របរទេសថា កុំល្ងង់ពេកគណបក្សប្រជាជនមិនមែនគិតត្រឹមតែរឿងបោះឆ្នោតមួយប៉ុណ្ណោះទេ ប៉ុន្ដែគឺគេបានគិតអំពីការរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាទាំងមូល។

សម្ដេច គូសបញ្ជាក់ថា «បានក្បាលមេក្រូ ហៅគេសម្ភាសន៍ បើគេនិយាយទៅលិច ទាញគេទៅម៉ង យូរៗមើលវាម្ដង (ជុន ច័ន្ទបុត្រ) អាហ្នឹងវាយ៉ាងម៉េច?។ ប៉ុន្ដែអ្នកឯងត្រូវយល់ វាគ្មិនរបស់ឯង គឺនៅជាមួយខ្ញុំ ច្រើនហើយ នៅសល់វាគ្មិនប៉ុន្មាន»។

សម្តេច នាយករដ្ឋមន្ដ្រី ក៏នៅតែបន្តរំលឹកអំពីគុណតម្លៃនៃសុខសន្តិភាព ខណៈការវិនិយោគពីបរទេសនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺកើតចេញពីប្រទេសដែលកំពុងមានសុខសន្តិភាពនេះឯង។

សម្តេចតេជោ បញ្ជាក់ថា រហូតមកដល់ពេលនេះ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ។ គណបក្សប្រជាជនកម្ពុជាមិនត្រឹមអាចរកសន្តិភាពប៉ុណ្ណោះនោះទេ ថែមទាំងធានាការពារសន្តិភាពជូនប្រជាជន និងប្រទេសជាតិបានថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់កម្មករនិយោជិត បន្តចូលរួម រួមគ្នារក្សាសន្តិភាព ពីព្រោះបើគ្មានសន្ដិភាព គឺគ្មានរោងចក្រ គ្មានឱកាសការងារ និងការអភិវឌ្ឍនោះឡើយ៕

To Top