ព័ត៌មានជាតិ

សម្ដេច ស ខេង ប្រាប់ទូតបារាំង-អាល្លឺម៉ង់ថា តាមបទពិសោធការបោះឆ្នោតនៅកម្ពុជា គ្មានអំពើហិង្សា

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ទូតបារាំង និងអាល្លឺម៉ង់ ប្រចាំកម្ពុជា ថា ឆ្លងតាមបទពិសោធន៍ការបោះឆ្នោតបន្តបន្ទាប់ កម្ពុជាបានអនុវត្តន៍ការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ មានភាពល្អប្រសើរ និងគ្មានអំពើហិង្សា។

សម្ដេច ស ខេង លើកបែបនេះនាឱកាសអនុញ្ញាតជូនលោក Jacques PETTET ឯកអគ្គរដ្ឋទូតបារាំង និងលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ។

នៅក្នុងជំនួបនោះដែរ លោកអគ្គរដ្ឋទូតបារាំង និងលោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏បានលើកឡើងនូវកិច្ចការសំខាន់ៗ ចំនួន៣ ដើម្បីជជែកពិភាក្សាជាមួយ សម្ដេច ស ខេង រួមមាន ៖ ពាក់ព័ន្ធទៅនឹងដំណើរការ ក៏ដូចជាការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជាតិនាពេលឆាប់ៗខាងមុខនេះ, ពាក់ព័ន្ធទៅនឹងការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល ក្នុងនោះក៏មានអង្គការសង្គមស៊ីវិលរបស់បារាំង និងអាល្លឺម៉ង់ ក្នុងដំណើរការអភិវឌ្ឍសង្គមកម្ពុជា និងដំណើរការកសាងក្របខ័ណ្ឌគតិយុត្ត ស្ដីពីកិច្ចសហប្រតិបត្តិការ លើវិស័យអនុវត្តច្បាប់។

ពាក់ព័ន្ធនឹងដំណើរការ នៃការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត សម្ដេច ស ខេង បានឱ្យដឹងថា មកដល់ពេលនេះ មានគណបក្សនយោបាយចំនួន១៨ បានត្រៀមចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត នាពេលខាងមុខ។

សម្ដេច គូសបញ្ជាក់ថា «ឆ្លងតាមបទពិសោធន៍ការបោះឆ្នោតបន្តបន្ទាប់ដែលកម្ពុជាបានអនុវត្ត ឃើញថាការងារថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ មានភាពល្អប្រសើរពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ទាំងការថែរក្សាបាននូវបរិយាកាស សន្តិសុខ និងគ្មានអំពើហិង្សា»។

សម្តេច ស ខេង ក៏បានបង្ហាញសុទិដ្ឋិនិយមចំពោះ បរិយាកាសសន្តិសុខ បម្រើដល់ការបោះឆ្នោតនាពេលខាងមុខ ក៏ដូចជាការបោះឆ្នោតបន្តបន្ទាប់នាពេលអនាគត៕

To Top