ព័ត៌មានជាតិ

កម្ពុជា ស្នើឲ្យសភាអាមេរិក បន្តប្រព័ន្ធអនុគ្រោះពន្ធ GSP ឡើងវិញ

រូបភាព៖ ក្រសួងពាណិជ្ជកម្ម

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើសុំឲ្យសភាអាមេរិក បន្តឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ខ្លួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្ដល់ផលចំណេញឲ្យគ្នាទៅវិញទៅមក ។

ការស្នើរបស់លោក ប៉ាន សូរស័ក្ដិ ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃសភាអាមេរិក ដឹកនាំដោយលោក Jason Smith ប្រធានគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយនៃសភាអាមេរិក នាថ្ងៃទី២ ខែសីហា ។ ការស្នើនេះដែរ ក្រោយពីប្រព័ន្ធអនុគ្រោះពន្ធនេះ បានផុតសុពលភាពពីកម្ពុជា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានជម្រាបជូនពីលទ្ធផល នៃការបោះឆ្នោតដែលបានប្រព្រឹត្តទៅក្នុង ខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះ និងអំពីវឌ្ឍនភាពថ្មីៗ ក្នុងការពង្រីកទីផ្សាររបស់កម្ពុជា ដូចជាការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងទ្វេភាគី ក៏ដូចជាការរៀបចំបរិយាកាសធុរកិច្ច និងវិនិយោគឱ្យរឹតតែប្រសើរឡើង ដើម្បីទាក់ទាញការវិនិយោគឲ្យបានរឹតតែច្រើនបន្ថែមទៀត ។

បន្ថែមពីនេះលោករដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យសភាអាមេរិក បន្តឡើងវិញនូវប្រព័ន្ធ GSPរបស់ខ្លួន ជាពិសេសសម្រាប់ទំនិញមួយចំនួន ដូចជា សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ជាដើម ដោយលោកយល់ថា ការបន្តឡើងវិញនូវប្រព័ន្ធ GSP នេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដោយផ្ដល់ផលចំណេញឲ្យគ្នាទៅវិញទៅមក។

ជាមួយគ្នានោះលោក ក៏បានអំពាវនាវឲ្យក្រុមហ៊ុនអាមេរិក មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបានច្រើនបន្ថែមទៀត ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីទាញយកផលចំណេញពីគ្នាទៅវិញទៅមក ។

សូមបញ្ជាក់ថា GSP ជាប្រភេទប្រព័ន្ធអនុគ្រោះពន្ធ អនុញ្ញាតឲ្យមានការនាំចូលទំនិញ ដោយមិនបង់ពន្ធទៅកាន់អាមេរិក ។ កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអាមេរិកតាំងឆ្នាំ១៩៩៧ ហើយអាច ឲ្យកម្ពុជានាំទំនិញ និងផលិតផលរាប់ពាន់មុខទៅកាន់ទីផ្សារអាមេរិក ៕

To Top