ព័ត៌មានជាតិ

សម្ដេចតេជោ បានធ្វើជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត ខណៈសម្ដេចថា នឹងបន្តការងារក្នុងតួនាទីផ្សេងយ៉ាងតិចត្រឹមឆ្នាំ២០៣៣

រូបភាព៖ តេឡេក្រាម សម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានឲ្យដឹងថា សម្ដេចបានបន្តធ្វើជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត បន្ទាប់ទៅសម្ដេចឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រី ហើយនឹងបន្តការងារក្នុងមុខនាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣។

តាមរយៈសារតេឡេក្រាមនាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ក្រោយចេញព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រចាត់តាំងលោកបណ្ឌិត ហ៊ុន ម៉ាណែតជានាយករដ្ឋមន្រ្តីថ្មី សម្ដេចតេជោបានរៀបរាប់ថា សម្តេចសម្រេចដកខ្លួនចេញដើម្បីផ្តល់ឱកាសឲ្យក្រុមបន្តវេនដឹកនាំបន្ត។ ពិនិត្យតាមពេលវេលា សម្តេចជានាយករដ្ឋមន្ត្រីដែលចូលកាន់តំណែងក្មេងជាងគេ (អាយុ៣២ឆ្នាំ) និងយូរជាងគេនៅក្នុងពិភពលោក។ បើគិតដល់ថ្ងៃ២២ សីហា ខាងមុខជាថ្ងៃដែលសម្ដេចចាកចេញពីដំណែងតាមផ្លូវច្បាប់ និងគិតពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ជាថ្ងៃដែលសភាបោះឆ្នោតផ្តល់ការទុកចិត្តសម្តេចជានាយករដ្ឋមន្ត្រីផ្លូវការ គឺបានកាន់ដំណែងជានាយករដ្ឋមន្ត្រីចំនួន៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ ត្រូវជា៤៦៣ខែ ២០១៤សប្តាហ៍ និងចំនួន ១៤ ០៩៩ថ្ងៃ។

សម្ដេចតេជោបន្ថែមថា ប្រសិនបើគិតពីការងារក្នុងរដ្ឋាភិបាល ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ក្នុងមុខតំណែងជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី ជានាយករដ្ឋមន្ត្រីស្តីទី និងជានាយករដ្ឋមន្ត្រីត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្តេចបានធ្វើការ៤៤ឆ្នាំ ៧ខែ ១៤ថ្ងៃ ត្រូវជា៥៣៥ខែ ២ ៣២៨សប្តាហ៍ និង១៦ ២៩៧ថ្ងៃ។

ដោយសារចំណុចនេះសម្ដេចគូសបញ្ជាក់ថា «ពេលនេះ ខ្ញុំបន្តជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត បន្ទាប់ទៅខ្ញុំនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីម្តង។ មិនទាន់ចប់ត្រឹមនេះទេ ខ្ញុំនឹងបន្តការងារក្នុងមុខនាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣ ដែលពេលនោះខ្ញុំនឹងបំពេញការងារជាងកន្លះសតវត្សរ៍។ សូមអរគុណភរិយាជាទីស្រឡាញ់ ដែលបានចិញ្ចឹមកូនដ៏កំសត់មួយនេះ ក្នុងពេលវេលាដ៏លំបាកបំផុតរហូតគេ ក្លាយជាមេដឹកនាំកំពូលរបស់ជាតិ នាពេលនេះ»៕

To Top