ព័ត៌មានជាតិ

ចិន ចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជាអ្នកយុទ្ធសាស្រ្ត និងជាគ្រូបង្រៀន វិស័យនយោបាយ ដ៏គួរឱ្យគោរព

ភ្នំពេញ៖ លោក លីវ ជានឆាវ (LIU Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានសម្តែងនូវការកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាអ្នកយុទ្ធសាស្រ្ត អ្នកបដិវត្ត អ្នកដឹកនាំ និង យោធាដ៏ពិតប្រាកដនិងត្រូវបានចាត់ទុកជាគ្រូបង្រៀន វិស័យនយោបាយដ៏គួរឱ្យគោរពរបស់ថ្នាក់ដឹកនាំចិន ។

ការសម្ដែងនូវការ កោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន នេះធ្វើឡើងនៅក្នុងជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និង លោក លីវ ជានឆាវ (LIU Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, គណបក្សប្រជាជនកម្ពុជានឹងបន្តគាំទ្រគោលនយោបាយចិនមួយ ហើយសម្ដេចមហាបវរធិបតី ប្តេជ្ញានឹងលើកកម្ពស់សហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត មានដូចជាការបណ្តុះបណ្តាលយុវជន, គម្រោងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន, និង កិច្ចសហប្រតិបត្តិការដទៃទៀត ដែលគ្រោងនឹងចុះអនុស្សារណៈយោគយល់គ្នា (MOU) នាពេលខាងមុខនេះ ជាសក្ខីភាពស្រាប់ ៕

To Top