ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីកោះឃុក ឯកភាពជាគោលការណ៍ បង្កើតចំណងការទូតជាមួយគ្នា

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ម៉ាក ស្ទែហ្វេន ប្រោន នាយករដ្ឋមន្ត្រីនៃកោះឃុក​ បានឯកភាពជាគោលការណ៍ ក្នុងការបង្កើតចំណងការទូតជាមួយគ្នា​ និងយល់ឃើញដូចគ្នាថាទំហំប្រទេសតូចឬធំ មិនគួរជាឧបសគ្គ​ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនោះឡើយ ។

ថ្នាក់​ដឹកនាំ​ទាំងពីរ​បានឯកភាពបែបនេះក្នុង​ជំនួបសម្តែងការគួរសមទ្វេភាគី​នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសថ្នាក់ដឹកនាំទាំងពីរ បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីនោះ ។

ក្នុងជំនួបនោះ លោក ម៉ាក ស្ទែហ្វេន ប្រោន (Mark Stephen BROWN) នាយករដ្ឋមន្ត្រីនៃកោះឃុក​ បានសម្តែងនូវការពេញចិត្ត ចំពោះឱកាសផ្លាស់ប្តូរយោបល់ និងស្វែងយល់គ្នាទៅវិញទៅមកនេះ ដែលនឹងកាន់តែជំរុញការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងប្រទេសទាំងពីរ ។

ក្នុងស្មារតីនេះ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពថា ទំហំប្រទេសតូចឬធំ មិនគួរជាឧបសគ្គនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនោះឡើយ ប្រសិនបើភាគីទាំងពីរ ស្វែងរកបាននូវទស្សនវិស័យរួម ទិសដៅរួម និងឆន្ទៈ ក្នុងការសម្រេចនូវជោគវាសនារួម ។

ទំនាក់ទំនងរវាងកម្ពុជា និងកោះឃុក អាចចាប់ផ្តើមឡើងពីជំនួប និងបន្តទៅវិស័យដែលមានសក្កានុពល​ រវាងប្រទេសទាំងពីរ ដូចជាវិស័យកសិកម្ម និងវិស័យទេសចរណ៍ជាដើម ។

ក្នុងនោះ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពជាគោលការណ៍ ក្នុងការបង្កើតចំណងការទូតជាមួយគ្នា ដោយរដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ នឹងសិក្សារួមគ្នា ដើម្បីកំណត់នូវក្របខ័ណ្ឌរួម នៃការកសាងទំនាក់ទំនងការទូតនេះ ។

សូមបញ្ជាក់ថា កោះឃុក គឺជាដែនកោះ ដែលគ្រប់គ្រងដោយខ្លួនឯង នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ក្នុងទំនាក់ទំនងសេរី ជាមួយនូវែលសេឡង់ ។នេះបើយោងតាមឯកសារ Wikipedia៕

To Top