ព័ត៌មានជាតិ

កម្មកររោងចក្រម្នាក់ រំភើបឡើង ស្រក់ទឹកភ្នែកក្រោយសម្តេចធិបតី ទទួលព្យាបាលកូនស្រី ដែលមានជំងឺរ៉ាំរ៉ៃដោយឥតគិតថ្លៃ(វីដេអូ)

ស្ត្រីកម្មកររោងចក្រសាប្រីណា(sabrina)ណាម្នាក់ បានអររំភើបឡើងស្រក់ទឹកភ្នែកក្រោយសម្ដេចមហាបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានទទួលយកកូនស្រីរបស់ខ្លួនដែលមានជំងឺរ៉ាំរ៉ៃទៅព្យាបាលដោយឥតគិតថ្លៃ។
ថ្លែងដោយទឹកភ្នែកផង កម្មការិនី ហៀង ចាន់ ជាកម្មករកាត់ដេរក្នុងរោងចក្រ សាប្រ៊ីណា បាននិយាយថា លោកស្រីចាំពេលនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីមានឱកាសជួបជាមួយនឹងសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីអាចឲ្យកូនស្រីរបស់ខ្លួនដែលមានជំងឺហើមពោះវៀនធំរ៉ាំរ៉ៃនេះ អាចទទួលបានការព្យាបាលខណៈដែលលោកស្រីបានព្យាយាមគ្រប់ច្រកល្ហកដើម្បីព្យាបាលកូនអស់ពីលទ្ធភាពហើយនោះ។

កម្មការិនី ហៀង ចាន់បានបញ្ជាក់៖ “ខ្ញុំអរណាស់ ខ្ញុំតែងតែបន់ឱ្យកូនជួបសម្តេចដើម្បីទទួលបានការព្យាបាល ឥឡូវនេះ បានជួបហើយ។ ឱ្យតែកូនស្រីខ្ញុំជា ខ្ញុំអរណាស់រំភើបណាស់។ អរគុណសម្តេច”។

សូមបញ្ជាក់ថា ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករប្រមាណជិត២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ កម្មការិនី ហៀង ចាន់ ជាកម្មករកាត់ដេរក្នុងរោងចក្រ សាប្រ៊ីណា បានបីកូនអាយុ៣ឆ្នាំដែលមានជំងឺរ៉ាំរ៉ៃអង្គុយរងចាំជួបសម្តេចធិបតី។ គ្រាន់តែមកអង្គពិធីភ្លាមសម្តេចធិបតី បានមកជួបកម្មការិនី ហៀង ចាន់និងកូនដែលកំពុងអង្គុយរងចាំភ្លែត ហើយបានសួរនាំពីជំងឺ និងបានបញ្ជាឱ្យលោកជំទាវយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនាំកុមារ និងម្តាយទៅមន្ទីរពេទ្យភ្លាមៗនិងព្យាបាយដោយឥតគិតថ្លៃរហូតជាសះស្បើយ។

កុមារីដែលជាកូនរបស់កម្មការិនីហៀង ចាន់ មានឈ្មោះ អាត ស្រីនុ អាយុ ៣ឆ្នាំ មានជំងឺហើមពោះវៀនធំរ៉ាំរ៉ៃ ហើយបច្ចុប្បន្នបន្ទោបង់តាមពោះ៕
អត្ថបទនិងរូបភាព៖ ក្រសួងការងារ

To Top