ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូទៅចូលរួមមហាសន្និបាតUN លើកទី៧៨ នៅអាមេរិក

រូបភាព៖ ដើមអម្ពិល/ ម៉ៅ ដារ៉ាត់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកញ្ញា ​ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា​ អញ្ជើញចូលរួម «មហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ​២០២៣។

គួររំលឹកថា នេះជាដំណើរចេញបំពេញការងារ នៅក្រៅប្រទេស លើកទី៣ហើយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងតួរនាទីជានាយករដ្ឋមន្ត្រី ដោយដំណើរបំពេញការងារដំបូង នៅឥណ្ឌូនេស៊ី និងលើកទី២ ដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ខណៈដំណើរទស្សនកិច្ចទាំង៣លើក របស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងខែតែមួយ ពោលគឺកញ្ញានេះតែម្ដង ។

យោងតាមក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា មូលបទចម្បងសម្រាប់ កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាព ក្នុងពិភពលោក៖ ជំរុញ សកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»។

ក្នុងនោះ ខ្លឹមសារនៃសុន្ទរកថា របស់សម្តេចធិបតី នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នឹងផ្ដោតលើទិដ្ឋភាពសំខាន់ៗចំនួន បី រួមមាន បរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះសកម្មភាពបដិវត្តកម្ម នៃគោលដៅអភិវឌ្ឍន៍ ដោយចីរភាព (SDGs)។

ជាមួយគ្នានោះសម្ដេចធិបតី ក៏នឹងមានកិច្ចប្រជុំទ្វេភាគី ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ,លោកស្រី Victoria Nuland អនុរដ្ឋមន្ត្រីការបរទេសស្ដីទី របស់សហរដ្ឋអាមេរិក និងឥស្សរជន បរទេសមួយចំនួន ក្នុងអំឡុងពេលស្នាក់នៅ ទីក្រុងញូវយ៉ក។ ហើយនឹងមានការជួបជាមួយបងប្អូន ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅទីនោះផងដែរ៕

To Top