ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានសហការជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន» នៅសណ្ឋាគារសាន់ & មូន រីវើសាយ (SUN & MOON Riverside Hotel) ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
កិច្ចពិភាក្សានេះ មានប្រធានបទ ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មាន បានស្វែងយល់ដឹងបន្ថែមទៀត អំពីតួនាទីជប៉ុន សម្រាប់ការអភិវឌ្ឍនៅកម្ពុជា ដោយផ្តើមចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ។
កិច្ចពិភាក្សានេះ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានអញ្ជើញធ្វើជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សានេះដោយផ្ដើមពីការធ្វើបទបង្ហាញអំពីគោលនយោបាយនៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ការផ្តល់ជំនួយអភិវឌ្ឍន៍ រួមទាំងលទ្ធភាពនៃគម្រោងផ្តល់ជំនួយផ្សេងៗទៀតដល់កម្ពុជា។
សូមបញ្ជាក់ថា កិច្ចពិភាក្សានេះ គឺជាឱកាសដែលអ្នកសារព័ត៌មានអាចលើកជាសំណួរពាក់ពន្ធ័នឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ទាក់ទងនឹងជំនួយ ឬក៏សំណួរផ្សេងៗទៀត សម្រាប់យកទៅផ្សព្វផ្សាយជាព័ត៌មាន៕




