ព័ត៌មានជាតិ

រដ្ឋមន្ដ្រីយុត្តិធម៌ ៖ នៅពេលឃុំខ្លួនជនល្មើស មានសញ្ជាតិ២ ហើយសញ្ជាតិមួយជាសញ្ជាតិខ្មែរ មិនត្រូវជូនដំណឹងទៅស្ថានទូតបរទេសនោះទេ

រូបភាពពី៖​ ក្រសួងយុត្តិធម៌

ភ្នំពេញ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា នៅពេលចោទប្រកាន់ ការស៊ើបសួរ ឬឃុំខ្លួនជនល្មើសមានសញ្ជាតិ២ ដែលមានសញ្ជាតិមួយ ជាសញ្ជាតិខ្មែរសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទាំងអស់ មិនត្រូវធ្វើការជូនដំណឹងទៅស្ថានទូតបរទេសឡើយ។

នាឱកាសអញ្ជើញជាអធិបតីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងលោក ហុក វ៉ាន់ធីណា ជាប្រធានសាលាដំបូងខេត្តសៀមរាប ជំនួសលោក ជឺ សុខ ត្រូវបានផ្ទេរភារកិច្ចទៅជាប្រធានសាលាដំបូងខេត្តកណ្តាល នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣  លោក ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានណែនាំប្រធានសាលាដំបូងខេត្តសៀមរាប ក៏ដូចជា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីរាជការទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចាត់ការឲ្យបានម៉ឺងម៉ាត់ តឹងរឹង ត្រឹមត្រូវ និងប្រកបដោយតម្លាភាព នូវសំណុំរឿងនានា។

លោក ឧបនាយករដ្ឋមន្ត្រី បន្ដថា ជាពិសេស សំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន, បទល្មើសសម្អាតប្រាក់, បទល្មើសជួញដូរនិងប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ, បទល្មើសឆក់ ប្លន់ និងការចាប់ជំរិត ដើម្បីរួមចំណែកក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ស្ថិរភាពសង្គម ពិសេស ការធានាបាននូវប្រសិទ្ធភាពនៃការអនុវត្ត “គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”។ ចំពោះជនបរទេស ដែលបានប្រព្រឹត្តបទល្មើសទាំងនេះ ត្រូវអនុវត្តទោសបន្ថែម ដូចជា ការអនុវត្តវិធានការបណ្តេញចេញពីកម្ពុជា ក្រោយបញ្ចប់ការអនុវត្តទោសពន្ធនាគារ។

លោក ឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «នៅពេលចោទប្រកាន់ ការស៊ើបសួរ ឬការឃុំខ្លួនជនល្មើសដែលមានសញ្ជាតិ ២ (ដែលមានសញ្ជាតិមួយជាសញ្ជាតិខ្មែរ), សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទាំងអស់ មិនត្រូវធ្វើការជូនដំណឹងទៅស្ថានទូតបរទេស ដោយផ្អែកតាមអនុសញ្ញាទីក្រុងវីយ៉ែនទេ ព្រោះត្រូវចាត់ទុកជនល្មើសនោះ ជាជនជាតិខ្មែរ»។

លោក ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការជូនដំណឹងទៅស្ថានទូតបរទេស មានន័យស្មើនឹងការឲ្យតម្លៃដល់សញ្ជាតិគេ ជាងសញ្ជាតិខ្មែរ។ ក្នុងន័យនេះ លោក ឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ កំណត់អត្តសញ្ញាណរបស់ជនល្មើសឲ្យបានច្បាស់លាស់៕

To Top