ព័ត៌មានជាតិ

សម្តេចធិបតី ណែនាំឱ្យក្រសួង អប់រំកំណត់អាទិភាព និងសកម្មភាពជាក់ស្តែង ឱ្យបានច្បាស់លាស់ ដោយផ្តោតសំខាន់ លើធនធានមនុស្ស

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា កំណត់អាទិភាព សកម្មភាពជាក់ស្តែងឱ្យបានច្បាស់លាស់ ដោយផ្តោតសំខាន់លើធនធានមនុស្ស កម្មវិធី សម្ភារដែលត្រូវបំពាក់ ផែនការសកម្មភាព និងពេលវេលាដែលត្រូវអនុវត្ត ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងដំណើរការពិភាក្សា និងឆ្លង លើរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ ក្រសួងអប់រំ យុវជន និងកីឡា សម្តេចធិបតី បានប្រសាសន៍ថា ការបង្កើតគណៈកម្មាធិការជាតិ ដែលដឹកនាំដោយ នាយករដ្ឋមន្ត្រី គឺដើម្បីប្រមូលផ្តុំកម្លាំងបន្ថែមក្នុងការធ្វើសកម្មភាពឱ្យចំគោលដៅ។

សេចក្ដីប្រកាសបញ្ជាក់ថា «សម្តេចធិបតី បានណែនាំក្រសួង អប់រំ យុវជន និងកីឡា កំណត់អាទិភាព និងសកម្មភាពជាក់ស្តែងឱ្យបានច្បាស់លាស់ ដោយផ្តោតសំខាន់លើធនធាន មនុស្ស កម្មវិធី សម្ភារដែលត្រូវបំពាក់ ផែនការសកម្មភាព និងពេលវេលាដែលត្រូវអនុវត្ត» ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ក្នុងការអនុវត្ត «ស្តង់ដាសាលារៀនគំរូ» និង “ពានរង្វាន់ សាលាគំរូសម្ដេចមហាបវរធិបតី» ព្រមទាំង “យុទ្ធនាការសាលារៀនស្អាតគ្មានសំរាម» នៅទូទាំងប្រទេសចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ ក្នុងនោះ ស្តង់ដាសាលារៀនគំរូ នឹងចាប់ផ្ដើមអនុវត្ត និងពង្រឹងចាប់ពីឆ្នាំសិក្សាថ្មីនេះ តទៅ។

ក្នុងកិច្ចប្រជុំនោះដែរក្រសួងអប់រំ យុវជន និងកីឡា បានប្ដេជ្ញាចិត្តអនុវត្តគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ឱ្យបានជោគជ័យ ប្រកបដោយផ្លែផ្កា ក្នុងរយៈពេល ២ឆ្នាំ ខាងមុខ ដោយត្រូវប្រែក្លាយគ្រឹះស្ថានយ៉ាងហោចណាស់ចំនួន ៥០០ ទៅ ១០០០ ក្លាយទៅជា សាលារៀនគំរូ ដោយចាប់ផ្ដើមរៀបចំ សាលារៀនគំរូ សម្រាប់ប្រកាសក្នុងសន្និបាតអប់រំដែល គ្រោងប្រារព្ធឡើង នាខែមេសា ឆ្នាំ២០២៤ ខាងមុខ ឱ្យបានពី ៥០ ទៅ ១០០ សាលា ៕

To Top