កំពង់ចាម៖ អភិបាលរងខេត្តកំពង់ចាម លោក លី សារ៉ារិទ្ធ នៅថ្ងៃទី ១១ ខែធ្នូឆ្នាំ ២០២៣ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីដេញថ្លៃភាស៊ី គ្រប់ប្រភេទសម្រាប់អាជីវកម្មឆ្នាំ ២០២៤ ដែលពិធីនេះបានធ្វើឡើង នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ចាម ។
អភិបាលរងខេត្តកំពង់ចាម លោក លីសារ៉ារិទ្ធ បានមានប្រសាសន៍ថា ក្នុងដំណើរការដេញថ្លៃនេះ គឺសូមឱ្យអាជីវករទាំងអស់ គោរពក្រមសីលធម៌ និងនីតិវិធីនៃការដេញថ្លៃ និងដាក់សំណើដេញថ្លៃ ប្រកបដោយភាពប្រកួតប្រជែង និងសូមកត់ត្រាចំនួនទឹកប្រាក់ដាក់ដេញថ្លៃ ដោយមានការប្រុងប្រយ័ត្ន បន្ទាប់ពីបានគិតនិងពិភាក្សាគ្នារួចហើយ។

លោកអភិបាលរងខេត្ត បានថ្លែងបន្តថា សូមឱ្យបងប្អូនអាជីវករទាំងអស់ រក្សានូវភាពថ្លៃថ្នូរ ធ្វើយ៉ាងណាដេញថ្លៃឲ្យមានតម្លាភាព និងត្រូវគិតលើការប្រកួតប្រជែង សម្រាប់ផលរបរទៅថ្ងៃអនាគត ដែលប្រការនេះរដ្ឋបាលខេត្ត អាចមើលឃើញនិងជាអ្នកវាយតម្លៃ ផ្ដល់ទំនុកចិត្តជូនបងប្អូនអាជីវករ ដែលរកទទួលទានថ្លៃថ្នូរ សមរម្យ ដែលលើកកិត្យានុភាព ក្នុងខេត្តកំពង់ចាមរបស់យើង ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសរៀបចំការដេញថ្លៃធ្វើស៊ីគ្រប់ប្រភេទ សម្រាប់ការធ្វើអាជីវកម្មឆ្នាំ ២០២៤ ក្នុងនោះមានភេស៊ីចំណតរថយន្តចំនួន ១ ទីតាំង និងកំពុងចម្លងចំនួន ២ ទីតាំង រួមទាំងចំណតជលយាន ១ ទីតាំងផងដែរ ។

ក្នុងដំណើរការដេញថ្លៃនោះ ជាលទ្ធផល ដូចខាងក្រោមនេះ ៖
ទី១ ៖ កំពង់ចម្លងកងតាណឹង ក្នុងស្រុកកងមាស អ្នកដេញថ្លៃបានមានឈ្មោះ សិន ម៉េងឡាយ ក្នុងតម្លៃ ៧,០១០.០០០រៀល ។
ទី២ ៖ កំពុងចម្លង មាន់ហើរ-កំពង់ទ្រាស ក្នុងស្រុកកំពង់សៀម អ្នកដេញថ្លៃបានមានឈ្មោះ ឃឹន ឆៃឌឿន ក្នុងតម្លៃ ១,១៥០.០០០រៀល ។
ទី៣ ៖ ចំណតជល់យាន ស្ថិតក្នុងក្រុងកំពង់ចាម អ្នកដេញថ្លៃបានមានឈ្មោះ ស៊ីន សុធា ក្នុងតម្លៃ ១,៧៧០.០០០រៀល ។
ទី៤ ៖ ចំណតរថយន្តព្រៃទទឹង ស្ថិតក្នុងស្រុកព្រៃឈរ អ្នកដេញថ្លៃបានមានឈ្មោះ ភួង បូផា ក្នុងតម្លៃ ៧២,៦០០.០០០រៀល ៕
