ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្រ្ដី ស សុខា រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) រួមជាមួយ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការបង្កើត គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) និងសេចក្តីសម្រេច ស្តីពីការបង្កើតលេខាធិការដ្ឋាននៃ គ.ស.អ។
សូមបញ្ជាក់ថា គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) មានតួនាទី ដូចជាៈ ដឹកនាំបញ្ជា តាមដាន ត្រួតពិនិត្យ រៀបចំគ្រប់គ្រង និងប្រើប្រាស់កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាឲ្យដំណើរការការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ តាមនីតិកាល និងអាណត្តិនីមួយៗ ប្រព្រឹត្តទៅប្រកបដោយសន្តិសុខ មានសណ្តាប់ធ្នាប់របៀបរៀបរយ និងមានសុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សាផ្សេងៗ ។
ត្រូវធ្វើការពិគ្រោះយោបល់ និងចាត់ចែងផ្តល់ កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមរួមទាំងវិស័យ ការងារផ្សេងៗទៀតតាមសំណើរបស់ គ.ជ.ប ឬ/និង គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិ យុត្តពាក់ព័ន្ធ ពិសេសច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធី ក្រមសីលធម៌ និងសេចក្តីណែនាំពាក់ព័ន្ធ របស់ គ.ជ.ប ។
ផ្សព្វផ្សាយគោលការណ៍សកម្មភាព និងលទ្ធផល នៃការអនុវត្តតួនាទីភារកិច្ចរបស់ គ.ស.អ ក៏ដូចជា ខ្លឹមសារនានាពាក់ព័ន្ធ ដល់ការធានាសន្តិសុខ សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ តាមនីតិកាល និងអាណត្តិនីមួយៗ ជូនដល់សាធារណមតិជាតិ អន្តរជាតិ ឲ្យបានយល់ដឹង និងជ្រួតជ្រាប ។ ប្រមូលព័ត៌មានអំពីហេតុការណ៍ ឬព្រឹត្តិការណ៍នានា ពាក់ព័ន្ធ ដល់សភាព ការណ៍សន្តិសុខ នៃកិច្ចដំណើរ ការបោះឆ្នោត និងព័ត៌មានពីគ្រប់ប្រភព ដែលបានផ្សព្វផ្សាយ ធ្វើឲ្យមានផលប៉ះពាល់ ដល់បរិយាកាសសន្តិសុខ នៃកិច្ចដំណើរការបោះឆ្នោត ដើម្បីធ្វើការបកស្រាយ បំភ្លឺ បញ្ចៀសការភាន់ច្រលំពីសំណាក់ សាធារណមតិជាតិ អន្តរជាតិ ។
ធ្វើការបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនានាសំដៅលើកកម្ពស់សមត្ថភាព ជូនដល់មន្ត្រីប្រតិបត្តិ គ្រប់យន្តការ រចនា សម្ព័ន្ធសន្តិសុខ បោះឆ្នោត និងភ្នាក់ងារសន្តិសុខបោះឆ្នោតឲ្យបានជ្រួតជ្រាប ដើម្បីសហការអនុវត្តធានាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសម្រាប់ការបោះឆ្នោតឲ្យមានលក្ខណៈកាន់តែប្រសើរឡើង និង ប្រកបដោយការទទួលខុសត្រូវខ្ពស់ ៕