ព័ត៌មានជាតិ

ពលរដ្ឋខ្មែរ នៅតំបន់គ្រោះរញ្ជួយដី នៅជប៉ុន ត្រូវបានអាជ្ញាធរ ជម្លៀសទៅទីកន្លែង មានសុវត្ថិភាព

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅតំបន់គ្រោះរញ្ជួយដី ក្នុងប្រទេសជប៉ុន ត្រូវបានអាជ្ញាធរជប៉ុន ជម្លៀសទៅទីកន្លែង មានសុវត្ថិភាព ខណៈក្រសួងការងារ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំជប៉ុន បន្តតាមដានចំពោះសុខសុវត្ថិភាព ពលរដ្ឋខ្មែរទាំងនោះ។

តាមរយៈគេហទំព័រហ្វេសប៊ុក របស់ក្រសួងការងារ នាថ្ងៃទី១ មករា បានបញ្ជាក់ថា ក្រោមការតាមដានយ៉ាង យកចិត្តទុកដាក់ជាមួយស្ថានទូតកម្ពុជា ប្រចាំនៅជប៉ុន គឺហានិភ័យ នៃការកកើតស៊ូណាមិកម្រិតធំនៅជប៉ុន ត្រូវថមថយឥទ្ធិពល ។

ក្រសួងបន្ដថា ចំពោះមុខនេះ នៅមិនទាន់មានព័ត៌មានអំពីពលករជំនាញ កម្មសិក្សាការី និស្សិត និងសហគមខ្មែរនៅជប៉ុន មានគ្រោះថ្នាក់ ឬទំនាក់ទំនងស្នើសុំជំនួយពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន ក្រសួងការងារ សមាគមនិយោជកជប៉ុន ឬទីភ្នាក់ងារជ្រើសរើសពលករកម្ពុជានៅឡើយ។

ក្រសួងគូសបញ្ជាក់ថា «បច្ចុប្បន្ននេះ អាជ្ញាធរជប៉ុន បានជម្លៀសពលរដ្ឋ និងជនបរទេសដែលរួមទាំងបងប្អូនខ្មែរយើង ទៅទីកន្លែងដែលមានសុវត្ថិភាព ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន កំពុងបន្តតាមដាន យ៉ាងយកចិត្តទុកដាក់ ចំពោះសុខសុវត្ថិភាព របស់ពលរដ្ឋខ្មែរនៅក្នុងតំបន់ កើតហេតុ»។

សូមរំលឹកថា កាលពីថ្ងៃទី១ មករា ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញសេចក្តីជូនដំណឹងអំពីគ្រោះរញ្ជួយដីដ៏ធំសម្បើមមួយ ( កំរិត7.4 ) នៅខេត្ត Ishikawa ស្ថិតនៅភាគកណ្តាល ប្រទេសជប៉ុន ដែលអាចបង្កឲ្យមានហានិភ័យ នៃរលកយក្សស៊ូណាមិ នៅតាមតំបន់ជាប់មាត់ សមុទ្រនៃខេត្ត Ishikawa (ដែលកំពស់ទឹកអាចឡើង រហូតដល់ ៥ ម៉ែត្រ), Niigata, Toyama, Yamagata, Fukui និង Hyogo ៕

To Top