ព័ត៌មានជាតិ

ADB ប្ដេជ្ញា បន្តកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែល្អប្រសើរ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ ៖ លោក Scott Morris អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ទទួលបន្ទុកតំបន់អាស៊ីខាងកើត អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិក បានវាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានប្ដេជ្ញា បន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀត ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។

ការលើកឡើងរបស់អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះក៏មានការវត្តមានលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជាផងដែរ។

លោករដ្ឋមន្ត្រី បានស្វាគមន៍លោក Scott Morris អនុប្រធានធនាគារADB និងសហការី និងថ្លែងអំណរគុណADBតែងតែបន្តផ្តល់កិច្ចសហប្រតិបត្តិការល្អ ចូលរួមចំណែកក្នុងការអភិវឌ្ឍជនបទនៅកម្ពុជា តាំងពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តិកន្លងទៅ ព្រមទាំងបានជម្រាបភាគីដៃគូពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ដែលបានដាក់ចេញបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ ដូចខាងក្រោម ៖
១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឲ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ។

២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ឲ្យប្រជាជនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ មានសុខភាព និងអនាម័យល្អ ព្រមទាំងមានផាសុកភាព។

៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ។

៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័ននិងអភិបាលកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឲ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចការចំពោះមុខត្រូវអនុវត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមខ្លះ ដែលក្រសួងកំពុងជួបប្រទះ ដូចជាការពង្រឹងគុណភាពប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តជនបទ ការអប់រំឲ្យប្រជាជននៅជនបទប្រកាន់យកឥរិយាបថអនាម័យល្អ ការលើកទឹកចិត្តបង្កើតមុខមុខរបរបង្កើនចំណូលគ្រួសារនៅជនបទជាដើម។ ជាមួយគ្នានេះលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះធនាគារADB ដែលកន្លងមកបានផ្តល់ការគាំទ្រលើគម្រោងចំនួន៤ និងកំពុងត្រៀមលក្ខណៈអនុវត្តគម្រោងចំនួន១ បន្ថែមទៀត ។

ជាការឆ្លើយតប លោក Scott Morris បានអបអរសាទរលោករដ្ឋមន្ត្រី ទទួលបានសេចក្តីទុកចិត្តពីសភានីតិកាលទី៧ និងត្រូវបានព្រះមហាក្សត្រ កម្ពុជាត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងអាណត្តិថ្មីនេះ។

ជាចុងក្រោយ លោករដ្ឋមន្ត្រី និងលោកអនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញាចិត្តបន្តធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា សំដៅផ្តល់ផលប្រយោជន៍ឲ្យកាន់តែធំធេងថែមទៀត ជូនដល់ប្រជាពលរដ្ឋកម្ពុជា ៕

To Top