ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ព្រមានចាត់វិធានការ ផ្លូវច្បាប់ ចំពោះជនល្មើស និង មន្ត្រីពាក់ព័ន្ធក្នុងករណី បំផ្លិចបំផ្លាញ ធនធានធម្មជាតិ!

ពោធិ៍សាត់ : ទោះបីជាក្រុមការងារទាំង ៩ ក្រុម នៃ អនុគណ:កម្មការទប់ស្កាត់ និង បង្រ្កាបបទល្មើសធនធានធម្មជាតិ នៅស្រុកវាលវែង និង ស្រុកភ្នំក្រវាញ ធ្លាប់បានចុះបង្រ្កាបឃ្លុំទុក និង ដកហូតផ្ទៃដី ដែលជនល្មើសបានលួចកាប់ទន្រ្ទាន បានប្រមាណជិត ២ មុឺនហិចតា កន្លងមកយ៉ាងណាក្តី ក៍សកម្មភាពកាប់រានទន្រ្ទានយកដីព្រៃ របស់រដ្ឋធ្វើជាកម្មសិទ្ធិនៅតែបន្តកើតឡើងដដែល ទាំងនៅលើទីតាំងចាស់ និង នៅលើទីតាំងថ្មី ពិសេសនៅក្នុងរដូវប្រាំងនេះ ។

ជាក់ស្តែងនៅថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០២៤នេះ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង ជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចុះត្រួតពិនិត្យ ដោយផ្ទាល់ទៅលើទីតាំងមួយចំនួន ដែលជាចំនុចក្តៅក្នុងស្រុកវាលវែង និង បានព្រមានចាត់វិធានការច្បាប់ ចំពោះជនល្មើស និង មន្ត្រីពាក់ព័ន្ធដោយគ្មានការលើកលែង ។

លោកខូយ រីដា ក៍ធ្លាប់បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយគណ:កម្មាធិការថ្នាក់ខេត្ត និង អនុគណ:កម្មការទាំង ៩ ក្រុមកាលពីថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២៤នោះថា លោកនឹងកាត់សាច់ស្អុយចោល ចំពោះមន្ត្រីថ្នាក់ណាក៍ដោយ ដែលបានឃុបឃឹត ជាមួយនឹងជនល្មើសបំផ្លិចបំផ្លាញ ធនធានធម្មជាតិក្នុងដែនសមត្ថកិច្ច ដែលខ្លួនគ្រប់គ្រងដោយលោក នឹង គោរពស្នើរសុំគោលការណ៍ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តន៍អភិក្រមទី ៥ គឺការវះកាត់តែម្តង ។

លោកអភិបាលខេត្ត ក៍បានសង្កត់ធ្ងន់បន្ថែមថា ស្រុកវាលវែង គឺជាស្រុកដែលប្រឈមខ្ពស់ និង ជាចំនុចក្តៅនៃមហន្តរាយ ធនធានធម្មជាតិ តាមរយះការកាប់ទន្រ្ទានដីព្រៃ និង ដុតបំផ្លាញព្រៃឈើដើម្បីរានយកដីព្រៃ របស់រដ្ឋមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនពីសំណាក់ជនល្មើស ជាមួយគ្នានោះក៍មានមន្ត្រី គ្រាប់ល្ពៅមួយចំនួនតូច ដែលកំពុងឃុបឃឹតគ្នា ជាលក្ខណះប្រព័ន្ធផងដែរ ។
លោកអភិបាលខេត្ត និង ជាប្រធានគណះបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ក៍សូមស្នើរដល់អនុគណះគណះកម្មការទាំង ៩ ក្រុមត្រូវបន្តចុះត្រួតពិនិត្យ លើទីតាំងចាស់ ដែលបានដកហូតផ្ទៃដី និង ឃ្មុំទុកកន្លងមកព្រមទាំងឡើងផែនទី និង ធ្វើរបាយការណ៍អោយបានជាក់លាក់ ក្នុងការពិនិត្យ ករណី ការកាប់រុករានថ្មី ដោយកំនត់មុខសញ្ញាស្រាវជ្រាវចាប់ខ្លួន ជនប្រព្រឹត្តិ និង អ្នកពាក់ព័ន្ធដើម្បីយកមកផ្តន្ទាទោស អោយខាងតែបាន ។ បន្ថែមពីនោះត្រូវដាក់ទីតាំងឈរជើង និង ត្រៀមកូនឈើគ្រប់ប្រភេទ ដើម្បីដាំដុះឡើងវិញ៕

To Top