ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃ លទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើកំណត់ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខ ឡាវ ត្រូវបានរៀបចំឡើងនៅកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្នុងទីស្តីការក្រសួងមហាផ្ទៃ។

នាឱកាសនោះ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ទៅកាន់សមភាគីឡាវ អំពីសភាពការណ៍សាកលលោក និងសភាពការណ៍ទូទៅនៅកម្ពុជា ដែលរួមមានស្ថានភាពសេដ្ឋកិច្ច សភាពការណ៍ នយោបាយ សភាពការណ៍សន្តិសុខ ការប្រយុទ្ធប្រឆាំងគ្រឿងញឿន ខុសច្បាប់ ព្រមទាំងបានរំលេចបញ្ជាក់អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ រវាងក្រសួងទាំងពីរ និងសំណូមពរមួយចំនួនសម្រាប់ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំនោះដែរ នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សន្តិសុខឡាវ ក៏បានគូសបញ្ជាក់អំពីសភាពការណ៍ ទូទៅនៅក្នុងប្រទេសឡាវ ក្នុងនោះរួមទាំងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបទល្មើសគ្រឿងញៀន។ នាយឧត្តមសេនីយ៍ ឧនាយករដ្ឋមន្រ្តី ក៏បង្ហាញការកត់សម្គាល់ អំពីកិច្ចសហប្រតិបត្តិការដ៏ល្អ គ្រប់ថ្នាក់រវាងអង្គភាពចំណុះក្រសួងទាំងពីរ រួមទាំងខេត្តជាប់ព្រំដែនផងដែរ។

គួរកត់សម្គាល់ថា ក្នុងជំនួបនិងកិច្ចប្រជុំនោះដែរ នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ក៏បានបង្ហាញក្ដីនឹករលឹកខ្ពស់ចំពោះសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបានថ្លែងអបអរសាទរ លោកស សុខា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។ ភាគីទាំងពីរ ក៏បង្ហាញការគាំទ្រចំពោះជំនួបរវាងនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា នៃប្រទេសទាំងពីរ កាលពីពេលថ្មីនេះផងដែរ។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងយោគយល់ខ្ពស់។ នៅចុងបញ្ចប់ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កម្ពុជា និង នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខឡាវ បានចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ ផងដែរ៕
