ព័ត៌មានជាតិ

ពលករខ្មែរវិលត្រលប់ពីថៃ សប្បាយចិត្តដែលរាជរដ្ឋាភិបាល មិនយកថ្លៃសេវាទិដ្ឋាការចេញ -ចូលអំឡុងពេលចូលឆ្នាំ

ភ្នំពេញ៖ ពលករខ្មែរដែលបានវិលត្រលប់ពីប្រទេសថៃ មកលេងស្រុកកំណើត អំឡុងពេលចូលឆ្នាំខ្មែរលើកឡើងថា ខ្លួនសប្បាយចិត្ត ដែលរាជរដ្ឋាភិបាល ជួយសម្រួលមិនយកថ្លៃសេវា បង់ប្រាក់លើទិដ្ឋាការចេញ-ចូល (Re-Entry) នៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ព្រោះអាចជួយកាត់បន្ថយ ការចំណាយបានមួយផ្នែក។

ការលើកឡើងបែបនេះបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសមិនយកថ្លៃ សេវាបង់ប្រាក់លើការធ្វើដំណើរទៅវិញទៅមក (Re-Entry) របស់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃ ដែលវិលត្រឡប់មកលេងស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី ០១ ខែ មេសា រហូតដល់ថ្ងៃទី ១៥ ខែ ឩសភា ឆ្នាំ២០២៤។

លោកស្រី សំ ស៊ីនួន ជាពលករខ្មែរធ្វើការនៅប្រទេសថៃលើកឡើងថា៖«អរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលមិនយកកម្រៃ សេវាបង់ប្រាក់ចេញ-ចូលដល់ពលករខ្មែរ ដែលធ្វើការនិងរស់នៅប្រទេសថៃ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ»។

ពលកររូបនេះអរគុណរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ ដែលបានយក ចិត្តទុកដាក់ដល់ពលករ ដែលវិលត្រលប់មកលេង ស្រុកកំណើត ហើយបាន ផ្តល់អាហារសម្រន់ដូចជានំបុ័ង និងទឹកសុទ្ធ រួមទាំងការជួយសម្រួល កិច្ចការងារ ផ្សេងៗជូនដល់ពលករ តាមច្រកព្រំដែនផងដែរ។

លោក ភា រុន ជាពលករខ្មែរដែលធ្វើការ នៅប្រទេសថៃ ម្នាក់ទៀត ក៏បានលើកឡើងដែរថា ៖«ខ្ញុំមកលេងស្រុកកំណើត នៅឆ្នាំនេះអត់មានការ បង់ថ្លៃសេវាចេញ-ចូល (ទិដ្ឋាការ) ទេ។ ខ្ញុំចំណាយតែទៅលើ ការធ្វើដំណើរ ពីក្រុងបាងកកមកកាន់ច្រកព្រំដែនរបស់យើង។ ខ្ញុំសប្បាយចិត្តព្រោះកាត់បន្ថយចំនាយបានខ្លះដែរ»។

គួរកត់សម្គាល់ថាត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នេះពលរដ្ឋខ្មែរបានធ្វើដំណើរ វិលត្រឡប់ចូលប្រទេសវិញ នៅតាមបណ្តាប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែន អន្តរជាតិ សរុបចំនួន ១៩០,៤០នាក់ ក្នុងនោះច្រកព្រំដែន កម្ពុជា-ថៃចំនួន១៨,២៩៥នាក់ ។ ទន្ទឹមនឹងនេះ ភាគីពាក់ព័ន្ធ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្រួលដំណើរ របស់ពលរដ្ឋខ្មែរ ក្នុងនោះក៏មានមន្រ្តីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រចាំការនៅទីនោះផងដែរ។

គូសបញ្ជាក់ដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃបានសម្រេចមិនយកថ្លៃទិដ្ឋាការចេញ-ចូលប្រទេសថៃ (Re-Entry) ដើម្បីកាត់បន្ថយការចំណាយ ពលករខ្មែរ ដែលនឹងធ្វើដំណើរត្រលប់មកកម្ពុជា ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ៕

To Top