ភ្នំពេញ ៖ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធាន អាជ្ញាធរមីន លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ចូលជួបពិភាក្សា និងជម្រាបលា មុននឹងចប់បេសកកម្មការទូត នៅកម្ពុជា ។
ក្នុងឱកាសជម្រាបលា លោក Wang Wentian បានលើកឡើងថា ក្នុងកំឡុងបេសកកម្មរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ មានការរីកចំរើនយ៉ាងខ្លាំង ។ ក្នុងនាមជាឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា លោក បានចូលរួមសម្ភោធ នូវសមិទ្ធផលនានា និងចាប់ផ្តើមអនុវត្តនូវគម្រោងផ្សេងៗ បានយ៉ាងច្រើន ដែលនេះបានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ របស់ប្រទេសទាំងពីរ ក្នុងសហគមន៍វាសនារួម និងដើម្បីផលប្រយោជន៍ នៃប្រទេសទាំងពីរ។ ជាមួយគ្នានោះ លោក Wang Wentian បានវាយតម្លៃខ្ពស់ ចំពោះភាព ជាអ្នកដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាថ្នាក់ដឹកនាំប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ និងពោរពេញ ដោយសមត្ថភាព ដែលសម្តេចនឹងបន្តដឹកនាំប្រទេសកម្ពុជា ឱ្យកាន់តែរីកចំរើន និងមានការអភិវឌ្ឍ ។
ជាងនេះទៅទៀត អគ្គរដ្ឋទូតចិន បានបញ្ជាក់ថា ប្រទេសចិន នៅតែបន្តគាំទ្រយ៉ាងមុះមុតក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា លើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រហូតដល់កម្ពុជា រួចផុតពីការគំរាមដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ ហើយលោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនអាជ្ញាធរមីន ដែលបានផ្តល់នូវកិច្ចគាំទ្រ និងកិច្ចសហការយ៉ាងល្អប្រសើរក្នុងបេសកកម្មរបស់ឯកឧត្តម ជាពិសេសការរួមចំណែក ក្នុងវិស័យសកម្មភាព មីនមនុស្សធម៌នៅកម្ពុជា។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត លី ធុជ បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ ហើយប្រជាជនកម្ពុជា ពិតជាពេញចិត្ត និងគោរពស្រឡាញ់ ចំពោះទឹកចិត្តរបស់មហាមិត្តចិន ។ ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី បានកោតសរសើរប្រកប ដោយការវាយតម្លៃខ្ពស់ចំពោះអាណត្តិ បេសកកម្មរបស់ លោក Wang Wentian ពិតជាបានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ហើយបានកសាង និងសម្រេចនូវសមិទ្ធផលជាច្រើនជាប្រវត្តិសាស្រ្ត។
ជាមួយគ្នានោះ តាងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត លោក លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលតែងតែដឹកនាំ ខិតខំប្រឹងប្រែង ផ្តល់ភាពជាដៃគូ និងផ្តល់ការគាំទ្រ ដោយផ្ទាល់ដល់វិស័យសកម្មភាព មីននៅកម្ពុជា ដែលជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា រហូតដល់កម្ពុជា អាចសម្រេចបាននូវ គោលដៅរបស់ខ្លួន៕
(រូបភាព-អត្ថបទ: វិទ្យុមិត្តភាពកម្ពុជា ចិន)