ភ្នំពេញ៖ លោក Tan Sri Dato Lim Soon Peng ប្រធានសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក បានប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាវិមានសន្តិភាព នៅថ្ងៃ២៨ ឧសភានេះថា ដំណើរទស្សនកិច្ចរបស់លោក គឺដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ពីសក្តានុពលរបស់កម្ពុជា ក្នុងការវិនិយោគ លើវិស័យសំណង់ អចលនទ្រព្យ កសិកម្ម ថាមពលបៃតង សុខាភិបាល ។
ក្នុងជំនួបនេះដែរ សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក បានកោតសរសើរ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបង្ហាញពីបំណងចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ។
ក្នុងឱកាសនេះលោកប្រធានគណៈប្រតិភូ បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័សរបស់កម្ពុជា ជាពិសេសការសម្រេចបាន នូវកំណើនសេដ្ឋកិច្ចខ្ពស់ និងការរក្សាបាននូវសន្តិភាព និងស្ថិរភាពនយោបាយ ដែលផ្តល់នូវទំនុកចិត្ត សម្រាប់ការវិនិយោគនៅកម្ពុជា។
បន្ថែមពីនេះ លោកប្រធានគណៈប្រតិភូ ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីគោលបំណង នៃដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូ គឺដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ពីសក្តានុពលរបស់កម្ពុជា ក្នុងការវិនិយោគលើវិស័យសំណង់ អចលនទ្រព្យ កសិកម្ម ថាមពលបៃតង សុខាភិបាល និងវិស័យមួយចំនួនទៀត។
ជាមួយគ្នានេះ ប្រធានគណៈប្រតិភូ ក៏បានជម្រាបជូនសម្ដេចធិបតីផងដែរថា សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក នឹងសហការ ជាមួយសមាគមពាណិជ្ជកម្មត្រកូលលីន នៅកម្ពុជា ក្នុងការរៀបចំសន្និសីទមួយ ដែលគ្រោងនឹងរៀបចំឡើង ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ នៅកម្ពុជា ដោយមានអ្នកចូលរួម ពីបណ្ដាសមាជិក និងវិនិយោគិន នៃសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ប្រមាណ ១០០០ ទៅ ២០០០នាក់ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាស្វែងរកនូវកាលានុវត្តភាព និងសក្ដានុពលក្នុងការវិនិយោគ នៅកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះបណ្តាក្រុមហ៊ុន នៃសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ដែលបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការវិនិយោគនៅកម្ពុជា។
បន្ថែមលើនេះ សម្តេចធិបតី ក៏បានបញ្ជាក់ជូន គណៈប្រតិភូ អំពីការដាក់ចេញនូវច្បាប់ គោល នយោបាយ និងយន្តការសំខាន់ៗ ដើម្បីគាំទ្រ ដល់ការវិនិយោគនៅកម្ពុជា ដែលរួមមាន៖ (១) ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការគ្រប់គ្រងអតិផរណា ដើម្បីធានាបាន នូវបរិយាកាសវិនិយោគមួយ ដែលអាចប៉ាន់ប្រមាណបាន នៅកម្ពុជា (២) ការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការ ដែលមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ និងឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន (៣) ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជាកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះថ្មី ការធ្វើទំនើបកម្មផ្លូវដែក ដើម្បីប្រែក្លាយកម្ពុជា ជាមជ្ឈមណ្ឌលឡូជីស្ទីកតំបន់ (៤) ការដាក់ចេញនូវគោលនយោបាយ ក្នុងការអភិវឌ្ឍថាមពលស្អាត ដោយបច្ចុប្បន្ននេះ កម្ពុជាសម្រេចបាន នូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅ ជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ និង (៥) សក្ដានុពលរបស់កម្ពុជាក្នុង ការតភ្ជាប់ជាមួយនឹងទីផ្សារអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយ បណ្ដាប្រទេសមួយចំនួន និងក្នុងក្របខ័ណ្ឌតំបន់ ព្រមទាំងសក្ដានុពល នៃកម្លាំងពលកម្មកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ តាមរយៈការកសាងសមត្ថភាពបន្ថែម តាមយន្តការការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។
ជាមួយគ្នានេះ សម្តេចធិបតី បានស្វាគមន៍ និងគាំទ្រដល់គំនិតផ្ដួចផ្ដើម ក្នុងការរៀបចំសន្និសីទ របស់សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក នៅកម្ពុជា ក្នុងខែវិច្ឆិកាខាងមុខនេះ ដោយលើកទឹកចិត្ត ឱ្យសភាពាណិជ្ជកម្មនេះបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា ហើយសម្ដេចធិបតី សង្ឃឹមថា នឹងមានវិនិយោគិនជាច្រើនទៀត នឹងចូលរួមក្នុងសន្និសីទនេះ ដើម្បីស្វែងរកនូវឱកាស ក្នុងការវិនិយោគនៅកម្ពុជា ៕