ព័ត៌មានជាតិ

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជួយមន្ទីរពេទ្យគន្ធបុប្ផា មិនទាន់ចាប់ផ្តើមជាផ្លូវការ មានអ្នកបរិច្ចាគជិត ៤ម៉ឺននាក់ សរុបជាទឹកប្រាក់ជាង ១ពាន់លានរៀល

ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឲ្យដឹងថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផា ទោះបីយុទ្ធនាការនេះ មិនទាន់ចាប់ផ្តើមជាផ្លូវការ មានអ្នកបរិច្ចាគ ចំនួន ៣៨.១៧០ នាក់ សរុបជាទឹកប្រាក់ ៦៥៧.៧៧៧.០៣៤ រៀល និង ៩៦.២១២ ដុល្លារអាមេរិក។

តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានគូសបញ្ជាក់ថា «ក្នុងនាមជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា នាងខ្ញុំសូមគោរពថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដោយបានគាំទ្រ និងចូលរួមបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» យ៉ាងច្រើនលើសលប់គួរឱ្យកត់សម្គាល់ បន្ទាប់ពីយុទ្ធនាការនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃមិ្សលមិញនេះ»។

លោកជំទាវបណ្ឌិត បញ្ជាក់ជូនបន្ថែមថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មានរយៈពេល ១ ខែពេញ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ហើយគិតមកដល់ម៉ោង ១៧:០០នេះ ទោះបីជាយុទ្ធនាការមិនទាន់បានចាប់ផ្ដើមជាផ្លូវការនៅឡើយក៏ដោយ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋចំនួន ៣៨.១៧០ នាក់ សរុបជាទឹកប្រាក់៦៥៧.៧៧៧.០៣៤ រៀល និង ៩៦.២១២ ដុល្លារអាមេរិក រួចទៅហើយ ដែលនេះ បានសបញ្ជាក់ឱ្យឃើញពីការគាំទ្រយ៉ាងផុលផុស ប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំរបស់ប្រជាជាតិខ្មែរទាំងមូល។

លោកជំទាវបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនសប្បុរសជន ដែលមានបំណងចូលរួមបរិច្ចាក ក្នុងយុទ្ធនាការនេះ សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top