ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-បារាំង។
វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំឡើងក្រោមកិច្ចសហការរវាងសភាពាណិជ្ជកម្មកម្ពុជា និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC)។ វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំលើកទី១ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសបារាំង។
វេទិកាធុរកិច្ចកម្ពុជា-បារាំង រៀបចំឡើង ដើម្បីលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។
វេទិកាធុរកិច្ចនេះធ្វើឡើងក្រោមកិច្ចសហការជាមួយ គណៈកម្មាធិការទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំងប្រចាំនៅកម្ពុជា (CCEF) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) ជាមួយការគាំទ្រពីស្ថានទូតបារាំងប្រចាំកម្ពុជា សហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF) និងសមាគមឧកញ៉ាកម្ពុជាផងដែរ៕



