ព័ត៌មានជាតិ

មន្ត្រីក្រសួងការបរទេស ៖ ការប្រែក្លាយស្មារតីស្នេហាជាតិ ដោយបុគ្គលមួយចំនួនតូច​ ឲ្យទៅជាឧបករណ៍ បម្រើប្រយោជន៍ នយោបាយខ្លួន គឺគ្រោះថ្នាក់បំផុត

ភ្នំពេញ ៖ លោក គង់ ភោគ រដ្ឋលេខាធិការ ក្រសួងការបរទេសកម្ពុជា និងជាឧត្តមមន្រ្តីអាស៊ាន បានលើកឡើងថា ការប្រែក្លាយស្មារតីស្នេហាជាតិ ដោយបុគ្គលមួយចំនួនតូច ឲ្យទៅជាឧបករណ៍ ដើម្បីបម្រើប្រយោជន៍នយោបាយរបស់ខ្លួន គឺជារឿងដែលគ្រោះថ្នាក់បំផុត ។

ការលើកឡើងរបស់លោកនេះ បន្ទាប់ពីមានពលករនិងពលរដ្ឋខ្មែរ នៅក្រៅប្រទេសធ្វើបាតុកម្មប្រឆាំង នឹងគម្រោងអភិវឌ្ឍន៍ តំបន់ត្រីកោណCLVដែលជឿតាមការញុះញង់របស់បុគ្គលមួយចំនួន មានបំណងមិនល្អមកលើកម្ពុជា ។

តាមរយៈបណ្ដញសង្គមហ្វេសប៊ុកផ្លូវការ នាថ្ងៃទី១៣ សីហានេះ លោក គង់ ភោគ បានមានប្រសាសន៍ថា ការបណ្តុះស្មារតីស្នេហាជាតិ គឺមានសារៈសំខាន់បំផុត សម្រាប់ គ្រប់ជាតិសាសន៍ទាំងអស់ ហើយកម្ពុជាក៏បានខិតខំប្រឹងប្រែង ដើម្បីបណ្តុះស្មារតីមួយនេះទៅដល់ ប្រជាជនគ្រប់រូបផងដែរ ដូចសម្តេចតេជោបានលើកឡើងថា ប្រជាជនគឺជាខឿនការពារជាតិ ដែលរឹងមាំជាងរបងបេតុងច្រើនជាន់ទៅទៀត ។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរូបនេះបញ្ជាក់ថា «ប៉ុន្តែការប្រែក្លាយស្មារតីស្នេហាជាតិ ដោយបុគ្គលមួយចំនួនតូច ឲ្យទៅជាឧបករណ៍ ដើម្បីបម្រើប្រយោជន៍នយោបាយ របស់ខ្លួន គឺជារឿងដែលគ្រោះថ្នាក់បំផុត ដោយសារការញុះញង់បំបែកបំបាក់ ដែលប្រការនេះនឹងធ្វើឲ្យជាតិ យើងទន់ខ្សោយ ជាពិសេសនៅក្នុងបរិបទ នៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចដ៏ស្រួចស្រាល» ។

លោកបន្តថា អ្វីដែលគួរឲ្យសោកស្តាយយ៉ាងក្រៃលែងនោះគឺថា បុគ្គលទាំងនោះបានកេងប្រវ័ញ្ចលើស្មារតីស្នេហាជាតិរបស់ប្រជាជនមួយចំនួន ដោយបានបំភ្លៃការពិត និងធ្វើឲ្យប្រជាជនយល់ខុស ហើយបានចូលរួមចំណែកបំផ្លិចបំផ្លាញជាតិខ្លួនឯងដោយមិនដឹងខ្លួន។ បុគ្គលទាំងនោះយល់យ៉ាងច្បាស់ អំពីសារប្រយោជន៍ នៃកិច្ចសហប្រតិបត្តិការដែលកម្ពុជាបាននិងកំពុងអនុវត្តជាមួយប្រទេសជិតខាង ប៉ុន្តែពួកគេជ្រើសរើសធ្វើជាមិនយល់ ហើយថែមទាំងផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន។

លោកគូសបញ្ជាក់ថា ទង្វើទាំងអស់នេះ គឺជាទង្វើខ្វះគុណធម៌ ដោយសារបុគ្គលទាំងនោះ មិនត្រឹមតែមិន បានចូលរួមចំណែកធ្វើឲ្យជាតិ ដែលបានផ្តល់នូវអ្វីៗ ដែលពួកគេកំពុងទទួលបាន នាពេលបច្ចុប្បន្ន ឲ្យរឹតតែថ្កុំថ្កើងថែមទៀតនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យជាតិខ្លួនឯងទន់ខ្សោយ និងបែកបាក់ទៅវិញ ។ ម៉្យាងវិញទៀត ទង្វើទាំងអស់នេះក៏ជាទង្វើដែលខ្វះការទទួលខុសត្រូវនិងអត្មានិយមបំផុត ព្រោះថាដើម្បីតែបម្រើ ដល់ប្រយោជន៍ផ្ទាល់ខ្លួន ពួកគេបានដាក់សុខសុវត្ថិភាពរបស់ប្រជាជនមួយចំនួនដែលបានជឿលើបុគ្គលទាំងនេះ ដោយសារតែពួកគាត់មិនមានព័ត៌មាន និងចំណេះដឹងគ្រប់គ្រាន់ឲ្យស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ក៏បានថ្លែងដោយសង្កត់ធ្ងន់ផងដែរថា ដូច្នេះមានភាពចាំបាច់ដែលប្រជាជនគ្រប់រូបត្រូវបដិសេធយ៉ាងដាច់អហង្ការ ចំពោះទង្វើដែលនាំទៅដល់ការបំផ្លិចបំផ្លាញ និងការបែកបាក់ជាតិ ហើយបណ្តុះស្មារតីស្នេហាជាតិរបស់ខ្លួន ដោយភាពវៃឆ្លាត ដោយចំណេះដឹង និងដោយការត្រិះរិះពិចារណាឱ្យបានល្អិតល្អន់ ជាមួយនឹងគោលបំណងធ្វើឲ្យជាតិមានសន្តិភាព មានការរីកចំរើន និងមានឧត្តមភាពលើឆាកអន្តរជាតិ ទាំងអស់នេះហើយទើបជាការស្រឡាញ់ជាតិពិតប្រាកដ និងត្រឹមត្រូវ ៕

To Top