ព័ត៌មានជាតិ

ក្រសួងអប់រំ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធផ្ដល់សារស្វ័យប្រវត្តិ តាមតេលេក្រាម មានឈ្មោះថា “ស្វ័យវិជ្ជា អក្ខរកម្មមេឌា”

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិ តាមតេលេក្រាម ដែលមានឈ្មោះថា “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” (t.me/MILSelfLearningBot) ដែលត្រូវបានអភិវឌ្ឍឡើង ដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការសហការ ដោយអង្គការ DW Akademie របស់អាឡឺម៉ង់ និងគាំទ្រដោយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ)។

ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ ព្រមទាំងមានវត្តមាន លោកស្រី Sabina Casagrande នាយកប្រចាំតំបន់អាស៊ីខាងត្បូង និង អាស៊ីអាគ្នេយ៍ របស់អង្គការ DW Akademie លោកនាយក លោកគ្រូ អ្នកគ្រូ និងគរុសិស្ស នៃមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគខេត្តកណ្ដាល។

ក្នុងឱកាសនោះ លោកស្រី គឹម សេដ្ឋានី បានអបអរសាទរ ចំពោះសមិទ្ធិផលថ្មី «ស្វ័យវិជ្ជាអក្ខរកម្មមេឌា» ដោយមាន ប្រសាសន៍ថា នេះជាសមិទ្ធិផលដ៏សំខាន់មួយដែលនឹងចូលរួមជំរុញការយល់ដឹងស្ដីពីអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្នុងវិស័យអប់រំ។ ប្រព័ន្ធផ្ញើសារនេះក៏បានផ្តោតគោលដៅសំខាន់ ទៅលើក្មេងស្រី និងក្រុមងាយរងគ្រោះ។

លោកស្រីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានបរិវត្តកម្មឌីជីថល ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ការអប់រំ ស្ដីពីអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្នុងវិស័យអប់រំ ក្នុងរយៈពេលជាច្រើន ឆ្នាំកន្លងមកនេះ។ ប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិ “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” ត្រូវបានអភិវឌ្ឍឡើង ដើម្បីលើកកម្ពស់ការយល់ដឹង ជំនួយដល់គ្រូបង្រៀន លើកកម្ពស់ការចូលរួមរបស់សិស្សក្នុងកម្មវិធីសិក្សា បង្កើតបរិយាកាសឌីជីថលនៅក្នុងថ្នាក់រៀន ជំរុញកម្មវិធីស្វ័យសិក្សាដែលជួយសិស្ស និស្សិត សិក្សាស្រាវជ្រាវដោយខ្លួនឯង គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ជំរុញការអប់រំបែបឌីជីថល ព្រមទាំងជួយកសាង ជំនាញភាពជាពលរដ្ឋឌីជីថល ។ កម្មវិធីនេះក៏បានផ្តោតគោលដៅ ជាពិសេសចំពោះក្មេងស្រី និងក្រុមសហគមន៍ដែលងាយរងគ្រោះផងដែរ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍មួយចំនួនរួមមាន៖ ១. ដាក់បញ្ចូលកម្មវិធី “ស្វ័យវិជ្ជា អក្ខរកម្មមេឌា” កម្មវិធីសិក្សានៃគ្រឹះស្ថាន បណ្ដុះបណ្ដាលគ្រូទាំងអស់, ២. ប្រើប្រាស់កម្មវិធី “ស្វ័យវិជ្ជា អក្ខរកម្មមេឌា” ក្នុងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព និងទាញយក ជាប្រយោជន៍សម្រាប់ការរៀន និងបង្រៀន ឱ្យអស់ពីលទ្ធភាព, ៣. សហការយ៉ាងពេញទំហឹងជាមួយនាយកដ្ឋានបរិវត្តកម្មឌីជីថលក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់ការអប់រំ ស្ដីពីអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន និង៤. បន្តអភិវឌ្ឍសមត្ថភាព ជាប្រចាំដើម្បីដើរ ឱ្យទាន់ដំណើរវិវត្តន៍ ឥតឈប់ឈរនៃបច្ចេកវិទ្យាឌីជីថល។

សូមជម្រាបថា ប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិតាមតេលេក្រាម មានមាតិកាជាច្រើន សម្រាប់អ្នកប្រើប្រាស់ដូចជា ខ្លឹមសារមេរៀនចំនួន១០ សទ្ទានុក្រម សំណួរចម្លើយ លំហាត់វាស់ស្ទង់សមត្ថភាព គន្លឹះសំខាន់ៗ រូបភាព វីដេអូ តំណភ្ជាប់ឯកសារ ពិសេសគឺក្រុមពិភាក្សា ។ តាមរយៈប្រព័ន្ធផ្ញើសារ ស្វ័យប្រវត្តិតាមតេលេក្រាម អ្នកប្រើប្រាស់អាច ធ្វើការស្រាវជ្រាវ និងស្វ័យសិក្សាដោយខ្លួនឯង គ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕

To Top