ភ្នំពេញ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីឱកាសការងារ ក្នុងស្រុកសម្រាប់សប្តាហ៍នេះចំនួន ៥២៨០៦កន្លែង ក្នុងវិស័យសំខាន់ៗចំនួនបីធំៗនៅទូទាំងប្រទេស សម្រាប់សាធារណជន យុវជន ងាយស្រួលជ្រើសរើសចូលបម្រើការងារ តាមជំនាញដែលខ្លួនមាន។
បើតាមលោករដ្ឋលេខាធិការ ឱកាសការងារជាង៥ម៉ឺនកន្លែងនោះ មានក្នុងវិស័យដូចជា វិស័យឧស្សាហកម្ម ចំនួន ៣៩១២៧កន្លែង វិស័យកសិកម្មចំនួន ១០ ២៣៤កន្លែង និងសេវាកម្មចំនួន ៣ ៤៤៥កន្លែង ដែលត្រូវបានប្រកាសជ្រើសរើស នៅក្នុងបណ្តាខេត្តជាច្រើនដូចជា៖ ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង, រាជធានីភ្នំពេញ, ខេត្តស្វាយរៀង, រតនគីរី, ក្រចេះ, តាកែវ, កណ្តាល, បន្ទាយមានជ័យ, ស្ទឹងត្រែង, កំពង់ចាម និងបណ្តាខេត្តផ្សេងៗទៀត។
ក្នុងនោះដែរ តម្រូវការកម្លាំងពលកម្មមានដូចជា អ្នកបញ្ជាម៉ាសុីនដេរ, អ្នកត្រួតពិនិត្យដំណើរការផលិតលោហធាតុ, អ្នកធ្វើស្បែកជើង និងអ្នកធ្វើការដែលពាក់ព័ន្ធ, អ្នកបញ្ជាម៉ាស៊ីនផលិតផលិតផលធ្វើពីក្រណាត់ រោមសត្វ, យន្តការី និងអ្នកដំឡើងអគ្គិសនី, កម្មករចំការដំណាំ កម្មករក្នុងផលិតកម្ម, កម្មករខ្ចប់វេចដោយដៃ, មន្រ្តីឥណទាន និងប្រាក់កម្ចី, បុគ្គលិកផ្នែកកត់ត្រាស្ថិតិ ហិរញ្ញវត្ថុ និងធានារ៉ាប់រង និងមុខរបរផ្សេងៗជាច្រើនទៀត។ បងប្អូន យុវជន សិស្ស និស្សិត មេត្តាទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរសព្ទ 1297 ឬ 1286 ឬ តេលេក្រាម និង CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ។
ទន្ទឹមនឹងឱកាសការងារ នៅក្នុងស្រុកច្រើនសម្បូរបែប លោករដ្ឋលេខាធិការបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមចាប់យកឱកាសការងារដែលនៅក្បែរខ្លួន ហើយសូមកុំទៅធ្វើការងារ ដោយខុសច្បាប់នៅក្រៅប្រទេស ខណៈឱកាសការងារនៅក្នុងស្រុក ត្រូវបានប្រកាសជាហូរហែរ និងជាច្រើនមុឺនកន្លែងជារៀងរាល់សប្តាហ៍ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោករដ្ឋលេខាធិការបានបន្ថែមថា បងប្អូនប្រជាពលរដ្ឋ សូមធ្វើការពិចារណាអំពីឱកាសការងារ នៅក្នុងស្រុកដែលកំពុងមានតម្រូវការ ជាខ្លាំងនៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ខាងមុខ ខណៈការធ្វើការនៅក្នុងស្រុកនាពេលបច្ចុប្បន្ន គឺទទួលបានអត្ថប្រយោជន៍ច្រើនដូចទៅនឹង បណ្តាប្រទេសជិតខាងផងដែរ។ ក្នុងនោះ ទី១ ប្រាក់ឈ្នួលសមរម្យ ទី២កន្លែងការងារនៅក្បែរផ្ទះ និងទី៣ ការចំណាយទាបដែលអាចឱ្យបងប្អូន សន្សំសំចៃការចាយវាយជាប្រចាំបាន។
គួរបញ្ជាក់ថា ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ពោលគឺក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចបានសមិទ្ធិផលគួរឱ្យកត់សម្គាល់លើ កិច្ចការស្វែងរកឱកាសការងារជូនពលរដ្ឋកម្ពុជា។
ទន្ទឹមនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) បានរៀបចំកម្មវិធី “វេទិកាការងារ” ជាប្រចាំដើម្បីបង្កើតកន្លែងជួបគ្នា ដោយងាយស្រួលរវាងនិយោជក និងអ្នកស្វែងរកការងារ ក្នុងការដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ ដែលរួមមាន៖ កិច្ចសម្ភាសការងារ វេទិកាការងារ និងពិព័រណ៍ការងារថ្នាក់ខេត្ត និងថ្នាក់ជាតិ ដែលក្រុមហ៊ុន សហគ្រាសធំៗជាច្រើនអាចចូលរួមដាក់តាំង បង្ហាញឱកាសការងារជូនសាធារណជន។ លើសពីនេះ NEA ក៏មានមជ្ឈមណ្ឌលការងារចំនួន ១៤ និងមជ្ឈមណ្ឌលការងារចល័តចំនួន ៧ ដើម្បីផ្តល់ព័ត៌មាន និងសេវាការងារដោយផ្ទាល់ ជូនយុវជន សិស្ស/និស្សិតនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាល និងសាកលវិទ្យាល័យនានានៅទូទាំងប្រទេសផងដែរ៕