ព័ត៌មានជាតិ

មេដឹកនាំកំពូលចិន ចាត់សម្ដេចតេជោ ជាអ្នកនយោបាយជើងចាស់ មានទស្សនៈនយោបាយវែងឆ្ងាយ ក្នុងការពង្រឹង ទំនាក់ទំនងនិង កិច្ចសហប្រតិបត្តិការ រវាងចិននិងកម្ពុជា ជាប្រវត្តិសាស្ត្រ

រូបភាព៖ Xinhua

ភ្នំពេញ ៖ មេដឹកនាំកំពូលរបស់ចិន គឺលោក ស៊ី ជីនពីង បានចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជាអ្នកនយោបាយជើងចាស់ ជាអ្នកដឹកនាំដែលមានទស្សនៈនយោបាយវែងឆ្ងាយ មានបទពិសោធន៍កម្ររកបាន ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ជាប្រវត្តិសាស្ត្រ។

ក្នុងជំនួបកម្រិតខ្ពស់ នាទីក្រុងប៉េកាំង នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ី ជីនពីង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយ ដែលបានជួបសម្តេចតេជោ ហ៊ុន សែន ដែលជាមិត្តចាស់សារជាថ្មី ។

លោកស៊ី ក៏បានរំលឹកផងដែរថា ក្នុងពេលដែលជំងឺរាត ត្បាតកូវីដ១៩ ផ្ទុះឡើង លោក មានក្តីរំភើបយ៉ាងខ្លាំង ដែលសម្តេចតេជោ បានអញ្ជើញមកធ្វើទស្សនកិ ច្ចនៅប្រទេសចិន និង បានបង្ហាញពីជំហរដ៏រឹងមាំ របស់សម្តេចតេជោ ជាមួយរដ្ឋប្រជាជន និងគណបក្សកុម្មុយនីស្តចិន។

សម្តេចតេជោ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ស៊ី ជីនពីង ដែលបានអញ្ជើញសម្តេចនិងគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចនាពេលនេះ និងសូមពាំនាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោក ប្រធានាធិបតី ផងដែរ។

សម្តេចតេជោ បានបន្ថែមថា នេះជាឱកាសល្អដែលបានមកបំពេញទស្សនកិច្ចសាជាថ្មី ក្រោយរយៈពេល២០ខែ បន្ទាប់ពីទស្សនកិច្ចលើកមុនកាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក ៕

To Top