ព័ត៌មានជាតិ

កម្ពុជា យល់ច្បាស់អំពីភាពចាំបាច់ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយមហិច្ឆតាខ្ពស់

ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជា យល់ច្បាស់អំពីភាពចាំបាច់ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយមហិច្ឆតាខ្ពស់។

ការលើកឡើងរបស់ លោករដ្ឋមន្រ្តី នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ នៃក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) ដោយមានការចូលរួមពី លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា (EU) និងលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) និងសមាជិកក្រុមប្រឹក្សាភិបាលប្រតិបត្តិ តំណាងពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នាទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

លោករដ្ឋមន្រ្តី បានថ្លែងថា «កម្ពុជាយល់ច្បាស់អំពីភាពចាំបាច់ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយមហិច្ឆតាខ្ពស់។ ទោះបីកម្ពុជារួមចំណែកតិចតួច ក្នុងបុព្វហេតុដែលបណ្តាលឱ្យ មានវិបត្តិអាកាសធាតុ តែកម្ពុជាបានឆ្លើយតបនឹងបញ្ហាសកលនេះ ដោយដាក់ចេញនូវសកម្មភាពឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ ស្របតាមគោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្តែក្នុងកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន» ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)»។

លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ដោយសារមានការគាំទ្រពីដៃគូដ៏រឹងមាំពី សហភាពអឺរ៉ុប ប្រទេសស៊ុយអែត និងកម្មវិធីអភិវឌ្ឍន៍សហប្រជាតិ UNDP តាមរយៈកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា CCCA3 បានដើរតួនាទីដ៏សំខាន់ ជាអ្នកសម្របសម្រួលតាមបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធលើការងារប្រែប្រួលអាកាសធាតុ និងចេញជាសមិទ្ធផលផ្លែផ្កា ជាច្រើន៕

To Top