ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកតាមរឿងសង្គមនិងនយោបាយ បានចាត់ទុកទង្វើររបស់បុគ្គលដែលជាប៉ូលិសចរាចរណ៍រាជធានីភ្នំពេញ ចំពោះលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ជាការរំលោភច្បាប់ ទាំងកំរោលលើរូបកាយ និងមានពាក្យសម្តីគ្មានសីលធម៌ ដែលពិបាកទទួលយកបាន។

សូមរំលឹកថា កាលពីរាត្រីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញនេះ ការប៉ះទង្គិចពាក្យសំដី និងការបង្ហាញអាកប្បកិរិយា របស់មន្រ្តីនគរបាលចរាចរណ៍រាជធានីភ្នំពេញមួយក្រុម លើលោកបណ្ឌិត សុខ ទូច បានធ្វើឱ្យមហាជន រួមមានទាំងអ្នកនយោបាយ អ្នកតាមដានបញ្ហាសង្គម ជាដើម បានសម្ដែងការហួសចិត្តយ៉ាងខ្លាំង ចំពោះទង្វើររបស់ ក្រុមមន្រ្តីនគរបាលចរាចរណ៍រាជធានីភ្នំពេញ ។
តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រលប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក សយ សុភាព បានលើកឡើងថា លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា កំពុងដឹកនាំបញ្ញវ័ន្តខ្មែរ សរសេរប្រវត្តិសាស្រ្ត របស់ខ្មែរឡើងវិញ ដើម្បីឱ្យកូនខ្មែរ បានស្គាល់ប្រវត្តិសាវត្តារបស់ខ្លួនឡើងវិញ ដើម្បីទុកឱ្យយើងអាននិងក្មេងជំនាន់ក្រោយបានដឹងថាជាតិសាស្ត្រខ្លួន មកពីណាទៅណា ។
លោក បន្ថែមថា ខ្មែរស្ទើរមួយនគរស្គាល់ លោកបណ្ឌិត សុខ ទូច ច្បាស់ណាស់ ចុះហេតុបានជាបុគ្គល សមត្ថកិច្ចមួយក្រុមនេះ បែរជាមិនស្គាល់ ហើយបញ្ចេញអត្តចរិក មិនមែនជាមន្ត្រីអនុវត្តន៏ច្បាប់។
លោក សយ សុភាព បានផ្ដល់ជាមតិយោបល់ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវចាត់ប្រតិភូនគរបាល និងអភិបាលរងក្រុងម្នាក់ ទៅសម្តែងការគោរព ចំពោះលោកបណ្ឌិត នៅរាជបណ្ឌិតសភាផ្ទាល់ រឿងអ្វីទៀតទុកស្ថានប័នខាងលើ ដោះស្រាយ។

លោកអះអាងថា ដោយសារលោកបណ្ឌិត សុខ ទូច គឺជាប្រធានស្ថាប័នរបស់ជាតិ ហើយតួនាទីឋានៈរបស់លោកខ្ពស់ណាស់។
លោក សយ សុភាព គួសបញ្ជាក់ថា «មិនត្រូវហៅ លោកបណ្ឌិត មកស្នងការដ្ឋាននគរបាលរាជធានីទេ»។
លោក សយ សុភាព បន្តថា នេះអាចចាត់ទុកថា ជាករណីទី១ ហើយដែលសមត្ថកិច្ច រំលោភច្បាប់ទាំងកំរោលលើរូបកាយ ពាក្យសម្តីគ្មានសីលធ័ម៌លើមន្ត្រីជាន់ខ្ពស់ ទាំងមិនមានរឿងរ៉ាវ បទល្មើសព្រហ្មទណ្ឌ។
លោក សយ សុភាព បានផ្ដាំថា សូមអស់លោកមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ត្រូវមានការប្រុងប្រយ័ត្ន មានបញ្ហាហើយ កុំថាអត់ស្គាល់៕
