ព័ត៌មានជាតិ

លោក ឃួង ស្រេង បន្តពិនិត្យវឌ្ឍនភាព និងការដើរលេងកំសាន្ត​ របស់ពលរដ្ឋ នៅផ្លូវថ្មើរជើង ខណៈផ្លូវនេះកំពុងពេញនិយម

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី អមដំណើរដោយមន្ត្រីរដ្ឋបាលរាជធានី និងអាជ្ញាធរខណ្ឌដូនពេញ កាលពីរាត្រីថ្ងៃអាទិត្យទី២៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងការដើរលេងកំសាន្ត របស់ពលរដ្ឋ នៅផ្លូវថ្មើរជើង(Walk Street) ខណៈផ្លូវនេះកំពុងពេញនិយម និងបានធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងថា នៅរាត្រីថ្ងៃអាទិត្យសប្តាហ៍នេះ មានការរៀបចំឱ្យមានល្ខោនបាសាក់ សម្តែងឱ្យប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ បានទស្សនាកំសាន្តផងដែរ។

លោកស្រីដោ សម្ផស្ស បានបន្តទៀតថា សំរាប់សប្តាហ៍មុននេះដែរ ក្រៅបណ្តាល័យចល័ត ដែលមានស្រាប់ហើយ ក្នុងសប្តាហ៍មុនមន្ទីរ អប់រំយុវជននិង កីឡារាជធានីភ្នំពេញ ក្រោមការចាត់ចែងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរៀបចំឱ្យមានបណ្ណាល័យចល័តមួយកន្លែងដែរ នៅខាងជើងបរមរាជរាំង។ បើគិតមកដល់ពេលនេះ បណ្ណាល័យចល័តនៅលើផ្លូវថ្មើរជើង(Walk Street) មានចំនួន៣កន្លែងហើយ។

គួររំលឹកថា តាមការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្លូវថ្មើរជើង (Walk Street) តែងបានរៀបចំឱ្យមានការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាបុីសហគមន៏, បណ្ណាល័យចល័ត។ល។ ពោលគឺពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ (Walk Street) តែងមានការផ្លាស់ប្តូររបាំប្រពៃណីជានិច្ច ជាមួយគ្នានេះការលក់ដូរម្ហូបអាហារ ក៏មានការផ្លាស់ប្តូនិងកើនឡើងផងដែរ។

ដោយសារតែផ្លូវថ្មើរជើង (Walk Street)នេះហើយបានធ្វើឱ្យរាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំ ដោយភាពរីករាយ នៅពេលរាត្រី ដែលបានផ្សាយដោយ VISA2FLY ដកស្រង់ពីSEA Infographics៕

To Top