វិទ្យាស្ថានស៊ីអ៊ីអូ ស្នើក្រសួង ទេសចរណ៍ ពិនិត្យលទ្ធភាពចុះ MoU ក្រោមយុទ្ធនាការ “ខ្មែរត្រូវតែខ្លាំង” ដើម្បីជួយជំរុញការអភិវឌ្ឍ វិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែខ្លាំង
ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញទទួល ជួបពិភាក្សាការងារ ជាមួយវិទ្យាស្ថានស៊ីអ៉ីអូ ដឹកនាំដោយ លោកបណ្ឌិត អោម សេងបូរ៉ា ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស៊ីអ៊ីអូ ព្រមទាំងសហការីសរុបចំនួន ៧០នាក់ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងទេសចរណ៍ និង វិទ្យាស្ថានស៊ីអ៊ីអូ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការចូលរួមលើកកម្ពស់ វិស័យទេសចរណ៍នៅកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងអំពីយុទ្ធសាស្ត្រសំខាន់ៗ របស់ក្រសួង ក្នុងការជំរុញវិស័យទេសចរណ៍ ឱ្យមានភាពប្រកួតប្រជែង និងមានចីរភាព ជាពិសេសការផ្តោតលើការ បណ្តុះបណ្តាលធនធានមនុស្ស ដែលមានជំនាញ និងគុណភាពខ្ពស់។

ជាមួយគ្នានេះ លោកបណ្ឌិត អោម សេងបូរ៉ា បានបង្ហាញពីតួនាទី និងសកម្មភាពរបស់វិទ្យាស្ថានស៊ីអ៉ីអូ ក្នុងការរៀបចំស្តង់ដា សម្រាប់អាជីវកម្ម ក្នុងវិស័យទេសចរណ៍កម្ពុជា ការកសាងសមត្ថភាព សម្រាប់សហគ្រិន វិស័យទេសចរណ៍ ពោលគឺផ្តល់ការអប់រំ និង បណ្តុះបណ្តាលជំនាញ ដល់យុវជន និងមន្ត្រីជំនាញ ដើម្បីឆ្លើយតបទៅ នឹងតម្រូវការ នៃទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពិសេសលោកបណ្ឌិត ក៏បានស្នើសុំពិនិត្យលទ្ធភាពចុះ MoU ក្រោមយុទ្ធនាការ “ខ្មែរត្រូវតែខ្លាំង” ដើម្បីជួយជំរុញការអភិវឌ្ឍ វិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែខ្លាំង និងមាននិរន្តរភាព។

ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានពិភាក្សាអំពីការរៀបចំ កម្មវិធីបណ្តុះបណ្តាល ការស្រាវជ្រាវ និងការចែករំលែកបទ ពិសោធន៍ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងបង្កើនភាពទាក់ទាញ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ជំនួបបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាលនេះ ត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយ ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងវិស័យអប់រំ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់៕



