ក្រសួងអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែមីនា និងលើកទិសដៅការងារ ខែមេសា ឆ្នាំ២០២៦
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូក សរុបលទ្ធផលការងារ ប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

កិច្ចប្រជុំបានដំណើរការ ទៅតាមរបៀបវារៈ ដែលបានគ្រោងទុក ដោយជាកិច្ចចាប់ផ្តើមជាការអាន សេចក្ដីព្រាងរបាយការណ៍ វឌ្ឍនភាពការងារប្រចាំខែមីនា ដោយ លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ។ តាមរយៈរបាយការណ៍ បានបង្ហាញឱ្យឃើញថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិង កំពុងបំពេញ បេសកកម្មយ៉ាងសកម្ម ក្នុងការអភិវឌ្ឍតំបន់ជនបទដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន ដោយដាក់ចេញនូវចក្ខុវិស័យ កសាងសង្គមជនបទកម្ពុជា ឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព តាមរយៈការអនុវត្ត កម្មវិធីអាទិភាពទាំង ៥ គឺ១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ និងគមនាគមន៍ជនបទប្រកបដោយភាពធន់ ២-ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ ៣-ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ ៤-ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងទី៥-ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ ។

បន្ទាប់ពី បញ្ចប់ការអានសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនារួចមក លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានធ្វើបទបង្ហាញអំពីការប្រៀបធៀប លទ្ធផលការងារ ដែលសម្រេចបាន ក្នុងខែមីនាក្នុងឆ្នាំ២០២៥ ធៀបនិងឆ្នាំ២០២៦ ។

ជាមួយគ្នានោះដែរ ក៏មានការធ្វើរបាយការណ៍ ស្តីពីវឌ្ឍនភាពការងាររបស់សមាគមសង្គហមិត្ត និងទិសដៅការងារ បន្តប្រចាំឆ្នាំ២០២៦ របស់សមាគមសង្គហមិត្ត ដោយឯកឧត្តមប្រធានលេខាធិការដ្ឋានសមាគម និងការធ្វើបទបង្ហាញស្តីពី “ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រី ជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ” ដោយលោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិកផងដែរ។

បន្ទាប់ពីបានស្ដាប់សេចក្ដីព្រាងរបាយការណ៍ និងទិសដៅការងារបន្ដរបស់ក្រសួងអភិវឌ្ឍន៍ ជនបទក៏ដូចជារបាយការណ៍ វឌ្ឍនភាពការងាររបស់សមាគមសង្គហមិត្ត រួចមក លោក ឆាយ ប្ញទ្ធិសែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាន និង បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្ត ទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដើម្បីធ្វើឱ្យសម្រេចបានគោលដៅ នៃផែនការដែលបានកំណត់។

ជាចុងបញ្ចប់ លោករដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍មួយចំនួនដែលជាការតម្រង់ទិសជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការបន្តអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព និងចូលរួមសម្រេចឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

