ព័ត៌មានជាតិ

អ្នកនាំពាក្យ បញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្ត របស់ថ្នាក់ដឹកនាំដោះស្រាយព្រំដែន ដោយសន្តិវិធី

ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការជៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង លើការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោកប៉ែន បូណា បានថ្លែងថា ថ្នាក់ដឹកនាំបញ្ជាក់សាជាថ្មី អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពព្រំដែនអន្តរជាតិ និងច្បាប់អន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ ដោយផ្អែកលើការគោរពគ្នា ទៅវិញទៅមក ចំពោះឯករាជ្យភាព អធិបតេយ្យ សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិរបស់ប្រទេសរៀងៗខ្លួន ។

លោកថា “បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មុតមាំ ចំពោះការអនុវត្តពេញលេញ និងមានប្រសិទ្ធភាព នៃបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀង ពាក់ព័ន្ធទាំងអស់ ដែលសម្រេចបានក្រោយបទឈប់បាញ់នេះ ព្រមទាំងកិច្ចព្រមព្រៀងផ្សេងៗ ដែលសម្រេចបាន និងកិច្ចព្រមព្រៀង ដែលមានស្រាប់ រវាងកម្ពុជានិងថៃ” ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បញ្ជាក់ឡើងវិញ នូវការតាំងចិត្តរួមគ្នា ក្នុងការវិលត្រឡប់ទៅរកការសន្ទនា ដោយផ្អែកលើមូលដ្ឋាន នៃកិច្ចព្រមព្រៀង ដែលធ្វើឡើងកន្លងមក ក៏ដូចជាយន្តការទ្វេភាគី ដែលមានស្រាប់ សំដៅបញ្ឈប់អរិភាពគ្រប់ទម្រង់ ដើម្បីបង្កើតនូវសន្តិភាពមួយដ៏ពិតប្រាកដ និងប្រកបដោយចីរភាព ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការកសាងទំនុកចិត្ត ការស្តារប្រក្រតីភាពឡើងវិញ និការកសាងសន្តិភាពយូរអង្វែង នៅតាមបណ្តោយព្រំដែន៕

To Top